2024-09-11 08:09
51

ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ស្តីពី«ការពន្លឿនសកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់និរន្តភាពបរិស្ថាន នៅក្នុងមហាអនុតំបន់មេគង្គ គោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងចំណោមប្រទេសនៃមហាអនុតំបន់មេគង្គ ដែលរួមមានប្រទេស ចិន មីយ៉ាន់ម៉ា  ថៃ ឡាវ កម្ពុជា វៀតណាម។ កិច្ចពិភាក្សា បានផ្តោតការយកចិត្តទុកដាក់ ទៅលើប្រធានបទរងសំខាន់ៗរួមមាន៖
-ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយ ( building climate and disasters resilience)
-ការសម្របសម្រួលហិរញ្ញប្បទានដែលគាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្មដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ (Facilitating low carbon transition)
-ការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការធ្វើកសិកម្មឆ្លាតវៃ(promoting climate-smart landscapes)
-ការលើកកម្ពស់គុណភាពបរិស្ថានតាមរយៈការត្រួតពិនិត្យការបំពុល និងការគ្រប់គ្រងសំណល់(Enhancing Environmental Quality through pollution control and waste management 
-ការប្រើប្រាស់នូវប្រពន្ធ័បច្ចេកវិទ្យា ឌីជីថល ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង និរន្តភាពបរិស្ថាន (Deploying Digital Technologies for climate action and environmental sustainability)
-ការបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ធន់នឹងការប្រែប្រួលអាកាសធាតុ និង ការរៀបចំហិរញ្ញវត្ថុធន់នឹងហានិភ័យដែលបង្កមកពីគ្រោះហន្តរាយ (innovation climate and disaster risk financing instruments

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី បានថ្លែងថា កម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាឆ្នាំ២០២៣-២០២៨» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធសាស្រ្តនេះគឺជាផែនទីចង្អុលផ្លូវ និងជាផែនការសកម្មភាពជាអាទិភាព ដើម្បីធានាបាននូវនិរន្តភាពបរិស្ថាន  ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីឆ្ពោះទៅ សម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះផ្តោតទៅលើភាពស្អាត បៃតង និងចីរភាព។ ចំពោះភាពស្អាត យើងផ្តោតទៅលើ ការត្រួតពិនិត្យការបំពុល តាមរយៈការបំពាក់នូវប្រពន្ធ័ត្រួតពិនិត្យការបំពុលទំនើប និងការធ្វើអោយប្រសើរឡើង នូវការវាយតំលៃហេតុប៉ះពាល់បរិស្ថាន។ ចំពោះភាពបៃតង យើងផ្តោតទៅលើការដាំដើមឈើ ដើម្បីធានាបាននូវការគ្រប់គ្រង តំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព និងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ និងចុងក្រោយគឺ និរន្តភាព យើងផ្តោតទៅលើការត្រួតពិនិត្យអនុលោមភាព ការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វេទិកាដ៏មានសារៈសំខាន់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ ក្រុមការងារនៃប្រទេសនៃមហាអនុតំបន់មេគង្គ នឹងជួបជជែកពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ដើម្បីប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅ និរន្តភាពបរិស្ថាន និង សកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរួមគ្នាពុះពារនូវបញ្ហាប្រឈមនានា ដើម្បីកសាងនូវអនាគត ដ៏ភ្លឺស្វាង សំរាប់មហាអនុតំបន់មេគង្គ។ ក្រៅពីប្រតិភូបណ្តាប្រទេសមហាអនុតំបន់មេគង្គ សិក្ខាសាលាអន្តរជាតិនាពេលនេះ  ក៏មានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស និងប្រទេសដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ មួយចំនួន រួមមានប្រទេសដាណឺម៉ាក,អាល្លឺម៉ង់ ,សិង្ហបុរី,ហ្វីលីពីន, មជ្ឍមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានអន្តរជាតិនៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិន, ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ាន នៃប្រទេសចិន និងការិយាល័យកិច្ចសហប្រតិបត្តិការបរិស្ថាន និងអេកូឡូស៊ីខេត្តយូណាន, មជ្ឍមណ្ឌលអាស៊ាន នៃក្រសួងធនធានធម្មជាតិឡាវ មជ្ឍមណ្ឌលជីវចម្រុះឡាវ នាយកដ្ឋានប្រែប្រួលអាកាសធាតុថៃ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ផងដែរ៕