2024-08-30 04:08
99

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ 

ជាកិច្ចចាប់ផ្ដើម តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអបអរសាទរ និងសម្តែងស្វាគមន៍ ឯកឧត្ដម ដឺរិក យីប ​​ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្ត្រា​លីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទា​ប់​ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំ​នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។ សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមបានចូលជួប និងប្រគល់សារតាំងនាឱកាសនេះ។ ឯកឧត្តម បានជម្រាប សម្ដេចតេជោ ថា ឯកឧត្តម និងភរិយា បានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពី២​សប្តាហ៍មុន ​និងពិតជាមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងភាពរស់រាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា​។ ឯកឧត្តម ដឺរិក យីប (Derek Yip) បញក្ជាក់ថា៖ «នេះគឺជាកិត្តិយសដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលប្រទេសអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានសារៈសំខាន់ និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន»

ឯកឧត្តមអគ្គរាជទូត បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ថា៖ អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឯកឧត្តម បានបន្តថា៖ លោកជំទាវ Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី អូស្រ្តាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន និងទំនាក់ទំនងជាមួយអាស៊ានផងដែរ ដោយសារតែអូស្រ្តាលី គឺជាដៃគូសន្ទនាដំបូងគេបំផុតរបស់អាស៊ាន ហើយឆ្នាំនេះ គឺជាខួបអនុស្សាវរីយលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-អូស្រ្តាលី។

ឯកឧត្តម ដឺរិក យីប (Derek Yip) ក៏បានបន្ថែមថា៖ «ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយឯកឧត្តម សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ»។ ឯកឧត្តមបានលើកឡើងថា៖ «អូស្ត្រាលី មានមោទនភាព ដែលបានចូលរួមជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយអូស្ត្រាលី ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ និងស្ថិតនៅក្នុងបេះដូងរបស់ប្រទេសអូស្ត្រាលី»

ឯកឧត្តម អគ្គរាជទូត ក៏បានកោតសរសើរផងដែរថា កម្ពុជាមានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ ដោយឯកឧត្តម សម្លឹងឃើញថា កម្ពុជាមានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ​ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន...។ល។

ឯកឧត្តម ដឺរិក យីប (Derek Yip) ក៏បានរំលឹកផងដែរថា ឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ នៃអាហារូបករណ៍អូស្ត្រាលី ដែលអូស្ត្រាលី បានដល់ជូនចំពោះកម្ពុជា ហើយអូស្ត្រាលី បានប្រកាសថា និងបង្កើនចំនួនអាហារូបករណ៍ពី ៤៥ទៅ ៦២ កន្លែង ដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តម បានចាត់ទុកថា កម្ពុជា មានជំនាញ និងកម្លាំងពលកម្មច្រើន ដែលលើកទឹកចិត្តសម្រាប់ការធ្វើវិនិយោគទុននៅកម្ពុជា។

ឯកឧត្តម អគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា មានបំណងនឹងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិ​ជ្ជកម្ម។ ឯកឧត្តមសន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យ ដែលមានសក្ដានុពល ដើម្បីជួយកម្ពុជា ឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត។

នាឱកាសនោះ ឯកឧត្តម ដឺរិក យីប (Derek Yip) ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ក្នុងវិស័យអន្តោប្រវេសន៍ និងការពង្រឹងសន្តិសុខ ដោយរំលឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនានា ដោយក្នុងសប្តាហ៍ខាងមុខនេះ នឹងមានគណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេ​ត្តព្រះសីហនុ។ ជាមួយគ្នានោះ ស្ថានទូត ក៏ធ្លាប់បានធ្វើការដោះស្រាយជាមួយនឹងភាគីកម្ពុជា ក្នុងការប្រយុទ្ធនឹងគ្រឿងញៀន​ ការ​ជួញដូរមនុស្ស ឧក្រិដ្ឋកម្មដែលមានការចាត់តាំង និងអន្តោប្រវេសន៍ខុសច្បាប់ ដោយជួយបណ្តុះបណ្តាលនិងកសាងសមត្ថភាពរបស់ភាគីកម្ពុជា ពិសេសនៅក្នុងវិស័យអន្តោប្រវេសន៍។

ឯកឧត្តម ដឺរិក យីប (Derek Yip) ក៏បានរៀបរាប់ផងដែរពីកិច្ចសហប្រតិបត្តិការនានា ពិសេសនៅក្នុងវិស័យអភិបាលកិច្ច បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យថែមទៀត។ ឯកឧត្តមអគ្គរាជទូត បានប្តេជ្ញា នឹងបំពេញបេសកកម្មការទូត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កា ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន មាការអភិវឌ្ឍលើគ្រប់វិស័យកាន់តែប្រសើរ ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលថ្នាក់ដឹកនាំអូស្រ្តាលី ប្រគល់មកឱ្យ ឯកឧត្តម និងសហការីស្ថានទូតអូស្រ្តាលីទាំងអស់។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអរគុណ ឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី។ សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្រ្តាលី ដោយសារតែអូស្រ្តាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរា ជាណាចក្រកម្ពុជា មុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេល​កម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ អូស្រ្តាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ។ រហូតដល់ការស្វែងរកសន្តិភាពនៅកម្ពុជា ថ្នាក់ដឹកនាំអូស្រ្តាលី ក៏ខិតខំចូលរួមចំណែកសម្របសម្រួលជាច្រើនដំណាក់កាល រហូតកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា៖ «មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ (ស) ការពារជាតិ ប៉ុន្តែប្រទេសយើង គឺទុកចិត្តគ្នា»។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណអូស្រ្តាលី ដែលបានជួយបង្ហាត់បង្រៀនភាសាអង់គ្លេសដល់កងទ័ពមួកខៀវ មុនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បន្តទៀតថា៖ កន្លងមក អូស្រ្តាលី ក៏បានជួយកម្ពុជា ក្នុងវិស័យបោសសម្អាតមីន ដូច្នេះសូមបន្តជួយលើវិស័យនេះបន្ថែមទៀត ដើម្បីកម្ពុជា សម្រេចបានគោលដៅ កម្ពុជា គ្មានមីនឆ្នាំ២០២៥

ក្នុងឱកាសនោះ សម្តេចតោជោ ក៏បានអញ្ជើញភាគីអូស្រ្តាលី ចូលរួមក្នុងកិច្ចប្រជុំកំពូល ​ស្ដីពី ​ពិភពលោកមួយដែ​លគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា​អូតាវ៉ា) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទេសកម្ពុជា ដែលកំពុងតែខិតខំបោសសម្អាតមីន និងកាកសំណល់មិនទាន់​ផ្ទុះពីសង្រ្គាម ក្នុងប្រទេសខ្លួនឯងផង បាននិងកំពុងជួយបង្ហាត់បង្រៀនវិធីសាស្រ្តបោសសម្អាតមីនដល់ប្រទេ​ស​ដទៃផង (ដូចជាកូឡុំប៊ី, អ៊ុយក្រែន) និងបានបញ្ជូនកងទ័ពទៅដោះមីន នៅប្រទេសកំពុងមានជម្លោះផង ប៉ុន្តែគឺធ្វើក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្កើនចំនួនអាហារូបករណ័ដល់និស្សិតកម្ពុជា ពី ចំនួន ៤៥ មក ៦២ នាក់។ ក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជាជា​ច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយសារតែអូស្រ្តាលី នៅជិតជាងប្រ​ទេ​ស​អឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត។

ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា៖ «អូស្រ្តាលី បានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្រ្តាលី គឺមានកម្រិតទាបនៅឡើយ។ សម្តេចតេជោ ស្នើអគ្គរាជទូតថ្មីខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ»។ 

សម្តេចតេជោ បានប្រាប់ទៅអគ្គរាជទូតអូស្រ្តាលី ទៅទស្សនាក្រុមហ៊ុនអូស្រ្តាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា។

ជាទីបញ្ជប់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានជូនពរឯកឧត្តមអគ្គរាជទូត និងភរិយា និងបុគ្គលិកស្ថានទូតអូស្រ្តាលីទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-អូស្រ្តាលី ក្នុងបេសកកម្មការទូតនេះ៕