2024-09-01 03:09
93

កំពង់ស្ពឺ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន និងឧត្តុនិយម បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អមដំណើរនាឱកាសនោះ មានថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមានការចូលរួមពី លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណអភិបាលខេត្តកំពង់ស្ពឺ និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ផងដែរ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងថា៖ «អនុគម្រោងនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត ក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទី ក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់»

របាយការណ៍របស់មន្ត្រីជំនាញធនធានទឹក បានឱ្យដឹងថា៖ ការងារសំខាន់ៗ រួមមាន៖ ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើ ទំហំ ១០០ ម៉ែត្រ គិតទាំងខ្នងទំនប់ បាតក្រោម ទំហំ ៤០ ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥ គីឡូម៉ែត្រ, ជួសជុល និងសាងសង់សំណង់សិល្បការ្យ សរុបចំនួន ៦៨ កន្លែង ក្នុងនោះ មានសំណង់ស្ទាក់ទឹក (ទ្វារទឹក) ១កន្លែង មានកម្ពស់ ៨ ម៉ែត្រ ទទឹងខាង ៥១ ម៉ែត្រ និងបណ្តោយ ៣០០ ម៉ែត្រ មានទ្វារទឹក ចំនួន ៥ ដែលទ្វារទឹកនីមួយៗ មានទទឹង ៨,៥ ម៉ែត្រ និងកម្ពស់ ៧,៥ ម៉ែត្រ។ របាយការណ៍បានឱ្យដឹងទៀតថា គិតមកដល់ដើមខែកញ្ញានេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៩%។ 

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបញ្ជាក់ថា៖ «គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ហើយបច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ស្តារស្ទឹង និងប្រឡាយ ចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ សរុបចំនួន ៣៦៦ កន្លែង មានការសាងសង់ស្ថានីយបូមទឹក ចំនួន ០៤ កន្លែង បំពាក់ដោយម៉ូទ័របូមទឹក ចំនួន ២៧ គ្រឿង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង​ផងដែរ»