2024-09-09 03:09
37

ព្រៃវែង៖ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍លើកឡើងថា ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។ 

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ។ សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម អភិសន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុចសំខាន់ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ 
សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម៕