2024-05-30 09:05
150

ភ្នំពេញ៖  លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្ដល់សិទ្ធិពី សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានដឹកនាំកក្រុមការងារជួបជាមួយជនរងគ្រោះជាង ២០០នាក់ ដែលពាក់ព័ន្ធក្នុងសំណុំរឿងឆបោកជាប្រព័ន្ធ និងអង្គការចាត់តាំង ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តសៀមរាប

 ការជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អតីតឧកញ៉ា ឡេង ចាន់ណា ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ 

 លោក គី តិច បានលើកឡើងថា៖ «បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ ការជួបជាមួយប្រជាពលរដ្ឋជាង ២០០នាក់ នៅពេលនេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ»។ លោកបានថ្លែងថា ក្នុងរយៈពេល៥ថ្ងៃមកនេះ មានប្រជាពលរដ្ឋជាង ២ ០០០នាក់ បានទាក់ទងមកកាន់ក្រុមមេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿងនេះ»

 លោកមេធាវី គី តិច បានបញ្ជាក់ថា៖ «ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្ត និង ទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។

 ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលរួបនេះ បានបន្ថែមទៀតថា៖ «កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍថ្មីៗក្នុងសំណុំរឿងនេះ ព្រោះកន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញតាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារជាឧកញ៉ា និងកំពុងស្វះស្វែងគ្រប់ផ្នែកទាំងអស់ ដើម្បីជួយជនរងគ្រោះ»

 លោកមេធាវី គី តិច បានសង្កត់ធ្ងន់ថា៖ «ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយនេះជាលើកទី១ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន»