2024-07-03 05:07
195

កំពង់ស្ពឺ៖ លោកវរសេនីយ៍ទោ សំអាង ផានី មានតួនាទីជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដែលទើបនឹងទទួលបានតំណែងថ្មីៗអង្គុយលើកៅមិនទាន់ក្តៅគូតផងនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងកាត់បន្ថយឋានន្តរស័ក្តិ១ថ្នាក់ ឱ្យមកត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយសារល្មើសបទវិន័យនគរបាលជាតិ។

យោងតាមប្រកាសរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ «ត្រូវបានអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»។

សូមរំឭកថា លោកវរសេនីយ៍ទោ សំអាង ផានី ត្រូវបានប្រកាចូលកាន់តំណាងជាផ្លូវការ នៅព្រឹកថៃ្ងទី០៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ តាមប្រកាសលេខ ៦០២៧.ប្រក ចុះថៃ្ងទី ២៧ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងមុខតំណែង ជូនលោកវរសេនីយ៍ទោ សំអាង ផានី អត្ដលេខ ៧៥៦៨៧ ពីអធិការរង ជាអធិការនគរបាលក្រុងច្បារមន។

សេចក្ដីសន្យារបស់ លោកវរសេនីយ៍ទោ សំអាង ផានី អធិការនគរបាលក្រុងច្បារមន ក្នុងនាមអធិការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី គឺបានប្ដេជ្ញាចិត្ដលើការសាមគ្គឺភាពផ្ទៃក្នុង និងបន្ដដឹកនាំការងារបង្ការបង្រ្កាបបទល្មើសនៅក្នុងក្រុងច្បារមន និងបង្កើនកិច្ចសហការជាមួយបណ្ដាជំនាញពាក់ព័ន្ធ អធិការដ្ឋាននគរបាលក្រុង និងស្រុក ពិសេសកងកម្លាំងតាមបណ្ដាអង្គភាពឈរជើងក្នុងមូលដ្ឋាន..។ ប៉ុន្តែក្រោយឡើងកាន់មុខតំណែងមិនបានប៉ុន្មានខែផងស្រាប់តែផ្ទុះរឿងអាស្រូវ ហើយត្រូវបានថ្នាក់ចុះធ្វើស្រាវជ្រាវ ប្រមូលឯកសារពាន់ និងធ្វើអធិការកិច្ចរកឃើញមានកំហុសល្មើសបទវិន័យនគរបាលជាតិទើបឈានដល់ការដកមុខតំណែងពីអធិការ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ១ស័ក្តិ ឱ្យមកត្រឹមថ្នាក់វរសេនីយ៍ត្រីតែម្តង។

មហាជនរងចាំមើលថា ក្រោយការដកតំណាងលោកវរសេនីយ៍ទោ សំអាង ផានី ចេញពីអធិការនរបាលក្រុងច្បារមន កៅអីមួយនេះនឹងធ្លាក់ទៅលើមន្ត្រីរូបណា ខណៈមានអ្នកកំពុងរត់ការយកកៅមួយនេះមិនតិចនាក់ដែរ៕