2024-07-09 10:07
129

ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពត ដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងទាំងពីរ បានធ្វើឡើងបន្ទាប់មានករណីប្រជាពលរដ្ឋពុលត្រីក្រពតស្លាប់ ចំនួន ០២នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តឧត្តមានជ័យ បន្ទាប់ពីជនរងគ្រោះបានបរិសភោគត្រីក្រពត បណ្តាលឱ្យពុលស្លាប់។ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគ «ត្រីក្រពត» បន្ទាប់ពីមានករណីពុលត្រីក្រពត ចំនួន ០៧នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស ០១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស ០១នាក់ បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង ០៧នាក់មុននោះទេ)។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ជាតិពុលនៅក្នុងខ្លួនត្រីក្រពត មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ ម្យ៉ាងទៀតត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពី ខែកក្កដា ទៅខែកញ្ញា។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្គែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់»។ ក្រសួងបានបញ្ជាក់បន្ថែមថា៖ «រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយ ពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុង ខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន សុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់»។ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យបងប្អូនពលរដ្ឋគ្រប់រូប អនុវត្តតាមដំបូន្មានខាងលើ និងសូមបន្តផ្សព្វផ្សាយសារអប់រំនេះ ដល់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ដើម្បីការពារអ្នក និងក្រុមគ្រួសារ ចៀសផុតពីការឈឺ និងស្លាប់ដោយសារការបរិភោគត្រីក្រពគដែលមានអតិលទាំង៥ប្រភេទនេះ៕