2024-06-23 05:06
129

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមចលនា «យុវជនម្នាក់ ចេះកីឡា ១ប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិកវ័យក្មេងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី (AYG) ឆ្នាំ២០២៩ ផងដែរ
  ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមប្រារព្ធទិវាអូឡាំពិក «Olympic Day» នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្មវិធីប្រចាំឆ្នាំនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់ ក្នុងនោះមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាប្រមាណ ១០០នាក់ និងសិស្សានុសិស្សប្រមាណ ២០០នាក់ទៀត មកពីវិទ្យាល័យឫស្សីកែវ និងវិទ្យាល័យ ជាសុីម ចំរើនរដ្ឋ ក្នុងរាជធានីភ្នំពេញ។
លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិក ក៏ដូចជាចលនាអូឡាំពិកពិភពលោក ក្នុងការប្រារព្ធទិវានេះឡើង ដើម្បីរំលឹកដល់ការរស់ឡើងវិញនៃចលនាអូឡាំពិកសម័យទំនើប ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិបារាំង លោក Pierre de Coubertin កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៨៩៤។
ការប្រារព្ធទិវាអូឡាំពិកឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ «រួមគ្នាធ្វើចលនា និងអបអរសាទរទាំងអស់គ្នា-Let's Move and Celebrate!» ដែលជាឱកាសដ៏ពិសេសសម្រាប់ចលនាអូឡាំពិកទូទាំងពិភពលោក ក្នុងការរៀបចំ ដើម្បីអបអរសាទរជាសកល មុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដែលជាជាយុគសម័យថ្មីនៃការធ្វើបរិវត្តកម្មកីឡាអូឡាំពិក ក្នុងការបង្កើនឱកាសកាន់តែច្រើនដល់អត្តពលិកជាយុវជន ហើយក៏ជាព្រឹត្តិការណ៍អូឡាំពិកលើកដំបូងបំផុត ដែលធានាបាននូវសមភាពយេនឌ័រពេញលេញ ពោលគឺមានចំនួនស្មើគ្នាសម្រាប់អត្តពលិកចូលរួមជាស្រ្តី និងបុរសផងដែរ។
   លោកទេសរដ្ឋមន្ដ្រីបន្ដថា «ការប្រកួតកីឡាអូឡាំពិក គឺជាស្ពានក្នុងការនាំមនុស្សគ្រប់ជាតិសាសន៍មកពីជុំវិញពិភពលោក មកជួបជុំគ្នាប្រកបដោយសន្តិភាព និងសាមគ្គីភាព ដែលបង្ហាញយ៉ាងច្បាស់ពីភាពស្រស់បំព្រង និងគុណតម្លៃអូឡាំពិកគឺ ឧត្តមភាព(Excellence) ការគោរពគ្នា (Respect) និងមិត្តភាព(Friendship) ហើយក៏ជាឱកាសដ៏វិសេសវិសាលបំផុត និងជាក្តីសុបិនរបស់គ្រប់អត្តពលិកទូទាំងពិភពលោក ក្នុងការចូលរួមបង្ហាញនូវឧត្តមភាពកីឡារបស់ខ្លួន ស្របតាមបាវចនាអូឡាំពិក លឿនជាង ខ្ពស់ជាង ខ្លាំងជាង ជាមួយគ្នា-Faster Higher Stronger-Together»។
លោកបណ្ឌិត ថោង ខុន បន្ថែមថា «នៅក្នុងឱកាសប្រារព្វទិវាអូឡាំពិកនាឆ្នាំ២០២៤នេះ ខ្ញុំសូមអំពាវនាវឱ្យក្មួយៗយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់ ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា»។
ជាមួយគ្នាដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សិ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមទិវាដ៏មានសារៈសំខាន់នេះ ដែល NOCC បានរៀបចំក្រោមប្រធានបទ «រួមគ្នាធ្វើចលនា Let’s Move» ឆ្ពោះទៅកសាងពិភពលោកមួយល្អប្រសើរ តាមរយៈចលនាអូឡាំពិក។
  បន្ថែមលើនេះ លោកបានលើកទឹកចិត្តឲ្យយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមរៀនសូត្រ និងស្វែងយល់អំពីអ្វីទៅដែលហៅថា ទស្សនវិជ្ជាអូឡាំពិក? ទស្សនវិជ្ជាអូឡាំពិក គឺជាទស្សនវិជ្ជានៃជីវិត Olympism is the philosophy of life ដែលមានន័យថា មនុស្សរស់នៅមានគុណភាពជីវិតបាន លុះត្រាតែធ្វើសកម្មភាពអប់រំកាយ និងលេងកីឡាជាប្រចាំ។ ការលេងកីឡា មិនត្រឹមតែកាត់បន្ថយ Stress នោះទេ គឺវាបានផ្តល់នូវឋាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយឲមាំមួន និងមានស្មារតីអង់អាចក្លាហាន មានជំនឿចិត្តខ្លួនឯង ពិសេសឈ្នះលើខ្លួនឯងទៀតផង។
លោក វ៉ាត់ ចំរើន បន្ដថា «សុខភាពរបស់ប្អូនៗក្មួយៗក្នុងវ័យសិក្សា វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាពាក់ព័ន្ធនឹងប្រាជ្ញាស្មារតី និងការចងចាំ បើខ្វះសុខភាពនឹងបាត់បង់ភាពឆ្លាតវៃ និងបាត់បង់ការចងចាំ អាចឈានដល់ការបោះបង់ការសិក្សា ដោយសារជម្ងឺជាដេីម។ ម្យ៉ាងទៀត លេងកីឡា វាបង្ករការសប្បាយរីករាយ ដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ក្រោយការងារសិក្សា។ ដូច្នេះសូម សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិតប្រកដដោយភាពទៀងទាត់»៕