2024-07-24 03:07
225

សៀមរាប៖ ដើមឈើដ៏ធំមួយដើមដែលមានអាយុកាលរយឆ្នាំ នៅមុខខ្លោងទ្វាប៉ែកខាងត្បូរាជនីអង្គ ឬហៅថា «ខ្លោងទ្វាទន្លេអុំ» បានបាក់រលំដោយសារខ្យល់កន្ត្រាក់មកលើផ្លូវសង្កត់ម៉ូតូកង់បីមួយគ្រឿង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ និងចំនួន ០៤នាក់ទៀត រងរបួសស្រាល។ 

ករណីរលំបាក់ដើមឈើមុខខ្លោងចូលរាជធានីអង្គទន្លេអុំនេះ បានកើតឡើងនៅវេលាម៉ោង ១៧និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ទើបបណ្តាលឲ្យដើមឈើដ៏ធំមួយដើម ដែលមានអាយុកាយរយឆ្នាំរលំបាក់ កិនលើម៉ូតូកង់បីស្លាប់ និងរបួសតែម្តង។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួស រួមមាន៖ ទី១៖ ឈ្មោះ ស៊ូ សាវ៉ាត ភេទប្រុស ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (របួសធ្ងន់)។ ២៖ ឈ្មោះ អ៊ុន ខូយ ភេទប្រុស ជាមេភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ (ស្លាប់)។ ៣៖ ឈ្មោះ ឃិន ប៉ោត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ៤៖ ឈ្មោះ សៅ ថុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។ ៥៖ ប៉ាក សុខា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសាក្សីបាននិយាយថា មុខពេលកើតមានភ្ញៀវទេសចរណ៍ជាតិ ចំនួន ០៤នាក់ បានជិះម៉ូតូកង់បីរួមគ្នាចេញពីទ្សនា និងដើរកម្សាន្តក្នុងរមណីដ្ឋានអង្គ លុះមេឃមានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ផងនោះ ក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅកន្លែងសម្រាកវិញ ប៉ុន្តែមកដល់ខាងទ្វាខាងត្បូងអង្គធំ ឬហៅថា ខ្លោងទ្វាទន្លេអុំ បានជួបឧបទ្ទវហេតុករណីរលំដើមឈើដ៏ធំសង្កត់លើបណ្តាលឱ្យស្លាប់ និងរបួសតែម្តង។

ក្រោយពេលកើតហេតុកម្លាំងគណបញ្ជាការឯកភាពខេត្តសៀមរាប ដឹកដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងមន្ត្រីចម្រុះអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ដើមឈើចេញ និងបញ្ចៀសសចរាចរណ៍ផងដែរ៕