2024-06-27 12:06
160

ភ្នំពេញ៖ ចំពោះមុខអំពើឃាតកម្មដ៏សាហាវ ដែលប្រព្រឹត្តដោយឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានផ្តេចជីវិតមនុស្ស រហូតដល់ ចំនួន ០២នាក់ និងធ្វើឱ្យមនុស្ស ចំនួន ០២នាក់ ទៀតរងរបួស អ្វីជាវិធានការផ្លូវច្បាប់ ក៏ដូចជាផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះ ពិតណាស់ក្នុងសំណុំរឿងដ៏សាហាវបែបនេះ ស្ថាប័នអនុវត្តច្បាប់ ត្រូវធ្វើកិច្ចការងារដោយម៉ឺងម៉ាត់ និងប្រកដដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា «ឃាតករមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ដាច់ខាត ហើយនិងគ្មានវិធានការបន្ធូបន្ថយទោសទោះក្នុងទម្រង់ណាមួយឡើយក៏ដោយចំពោះករណីនេះ ហើយច្បាប់ដែលមានជាធរមានក្នុងពេលបច្ចុប្បន្នត្រូវអនុវត្តដោយម៉ឺងម៉ាត់បំផុត»។

ខាងលើនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់លាស់របស់ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នារសៀលថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលជំហរ នៃការអនុវត្តច្បាប់ ចំពោះសំណុំរឿងឃាតកម្ម ដូចតទៅ៖ ទី១៖ ការបាញ់ប្រហារជាអំពើឃាតកម្មដ៏សាហាវមួយ ដែលបានផ្តេចអាយុជីវិតមនុស្ស ចំនួន ០២នាក់ និង០២នាក់ ទៀតគ្រាន់តែរងរបួសហើយមានសំណាងមិនស្លាប់ ដោយការបាញ់ប្រហាររបស់ឃាតករ ឈ្មោះ ស្រី ស៊ីណា អំពើនេះត្រូវបានសង្គមទាំងមូលខឹងសម្បារ ព្រមទាំងថ្កោលទោសយ៉ាងធ្ងន់ ដោយមិនអាចអត់អោនឱ្យជាដាច់ខាតចំពោះឧក្រិដ្ឋជន ស្រី ស៊ីណា នេះ ប៉ុន្តែយើងមិនអាចធ្វើអ្វីតាមចិត្តរបស់យើងនោះឡើយ ហើយយើងពុំអាចមានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ ដើម្បីផ្តន្ទាទោសឃាតករដ៏សាហារឃោរឃៅនេះ សំដៅរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះតាមច្បាប់ជាធរមាន។

ទី២៖ ករណីនេះត្រុវបានយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំប្រទេស ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ក៏បានទទួលបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីថ្ងៃកើត ដើម្បីតាមដានចំណាត់ការអនុវត្តច្បាប់ក្នុងសំណុំរឿងឃាតកម្មនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយតឹងរឹង ដោយម៉ឺងម៉ាត់ ដោយគ្មានការអត់អោន មានការយោបយល់ ឬបន្ធូបន្ថយក្នុងទម្រង់ណាមួយជាដាច់ខាត។ 

លោកឧនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ «សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សារជាថ្មីយ៉ាងច្បាស់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយភាពចាំបាច់ដែលច្បាប់ត្រូវបានអនុវត្តដោយតឹងរឹង ម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមខ្លឹមសារច្បាប់ផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារនៅក្នុងសំណុំរឿងនេះ។ ក្នុងនាមជាសេនាធិការដែលទទួលបទបញ្ជាពីសម្តេចប្រមុខដឹកនាំរដ្ឋាភិបាលលោក និងសហការី នៅក្រសួងយុត្តិធម៌ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពសក្នុងសំណុំរឿងនេះ ដើម្បីធានាថា ជនល្មើសនឹងត្រូវឃុំខ្លួនតាមនិតិវិធីច្បាប់ដាច់ខាត ហើយច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះ»។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា «ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងសំណុំរឿងនេះ និងបានផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដើម្បីការពារជនរងគ្រោះក្នុងសំណុំរឿងនេះក្នុងការធានាជនរងគ្រោះទទួលបានភាពយុត្តិធម៌ ត្រឹមត្រូវតាមច្បាប់ ទាំងលើការផ្តន្ទាទោសតាមច្បាប់ ទាំងលើការទាមទាសំណងការខួចខាតក្នុងសំណុំរឿងនេះ»។

ទី៣៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបំបែកសំណុំរឿងជាពីរ ដើម្បីផ្តន្ទាទោសជននេះ និងដើម្បីឱ្យជននេះរងទទួលទោសអតិបរិមាដែលសំណុំរឿងនិមួយៗ ដែលអាចត្រូវផ្តន្ទាទោសរហូត ១៥ឆ្នាំ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់តុលាការកុំបញ្ចូលសំណុំរឿងទាំងពីរទៅជាសំណុំរឿងតែមួយ និងស្នើសុំទៅតុយលាការគ្រប់ជាន់ថ្នាក់សូមកុំឱ្យអនុវត្តច្បាប់វិធានស្រូបទោស ដើម្បីធានាថាជនត្រូវបានអនុវត្តទោសតាមសាលក្រម ឬសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងនេះ។

ទី៤៖ នៅពេលអនុវត្តផ្តន្ទាទោសជនល្មើសសាលក្រមចូលជាស្ថាពរ នឹងស្នើសុំទៅគណៈកម្មាធិការជាតិបន្ធូបន្ថយទោសដាក់ឈ្មោះឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យស្ថិតក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំការបន្ធូបន្ថយទោស និងលើកលេងទោសបានឡើយ ដោយត្រូវអនុវត្តទោសនៅពន្ធនាគារឱ្យបានធ្ងន់ធ្ងរតាមទង្វើដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍ «សមទណ្ឌឌោ» ដែលជាគោលការណ៍គ្រឹះក្នុងវិស័យយុត្តិធម៌៕