2024-05-27 08:05
155

សៀមរាប៖ ក្រុមចោរប្លន់ប្រុស-ស្រី ចំនួន ០២នាក់ ដែលធ្វើសកម្មភាពចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់មួយកន្លែង ក្នុងក្រុងសំរោង ខេត្តឧត្តមានជ័យនោះ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបាននៅខេត្តសៀមរាប ក្នុងនោះម្នាក់ជាសិស្សសាលា។
មុខសញ្ញាក្រុមចោរប្លន់ទាំងពីរនាក់ ត្រូវបានកម្លាំងកងរាជអាអាវុធហត្ថខេត្តឧត្តមានជ័យ សហការជាមួយករងរាជអាវុធហត្ថខេត្តសៀមរាប តាមប្រម៉ាញ់ និងចាប់ខ្លួនបាននៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការសម្របសម្រួលពី លោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
   ជនសង្ស័យទាំងពីរដែលពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់ រួមមានៈ ទី១- ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ទី២- ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចបានដកហូតវត្ថុតាង លោហធាតុ ពណ៌លឿង ខ្សែករ ០១ខ្សែ, ទូរសព្ទ ចំនួន ០២គ្រឿង, លោហធាតុ ពណ៌លឿង ចិញ្ជៀន ចំនួន ០២វង់ និងម៉ូតូ ម៉ាកហុងដាឃ្លីក ០១គ្រឿង។
សូមជម្រាបផងដែរថា នៅវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មានករណីក្រុមចោរគាស់ទ្វា និងបង្អូចចូលប្លន់ម្ខាស់ដេប៉ូលក់សម្ភារៈគ្រឿងសំណង់ យីហោ «ថា ស៊ីនាថ» ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិទ។ ជនរងគ្រោះក្នុងហេតុការណ៍ប្លន់នោះ មានឈ្មោះ សួស សត្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាថៅកែលក់គ្រឿងសំណង់រសនៅភូមិ សង្កាត់កើតហេតុ បាត់បង់គ្រឿងអលង្ការ និងលុយកាត់មួយចំនួន។
បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធីច្បាប់៕