2024-06-24 04:06
115

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូននៅសេវាសុខាភិបាលឯកជន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាជាដៃគូ និងមានការឧបត្ថម្ភដោយមូលនិធិសកល។

គោលបំណង សម្រាប់សិក្ខាសាលានេះ គឺដើម្បីពិភាក្សានិងពិគ្រោះយោបល់លើសេចក្ដីព្រាងនិយាមបែបបទប្រតិបត្តិ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន នៅសេវាសុខាភិបាលឯកជន ដើម្បីឈានទៅបញ្ចប់ និងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស ដើម្បីជួយពន្លឿនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូននៅប្រទេសកម្ពុជាយើង។

នៅក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងអំពីបញ្ហាសំខាន់ៗមួយចំនួនរួមមាន វឌ្ឍនភាពរបស់កម្មវិធីជាតិការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន មានការរីកចម្រើនគួរឱ្យកត់សម្គាល់-  សេវាគ្របដណ្ដប់នៃការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូនសម្រេចបាននៅទូទាំងប្រទេសនាឆ្នាំ២០២២-  អត្រាស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យមុនសម្រាល យ៉ាងតិច មួយដង បានកើនឡើងដល់៩៩% ហើយភាគរយស្រ្តីមានផ្ទៃពោះបានទទួល ការធ្វើតេស្ត រកមេរោគអេដស៍ រក្សាបានលើសពី៩៥% ចាប់តាំងពីឆ្នាំ២០២១មក។ស្រ្តីមានផ្ទៃពោះ ដែលវិជ្ជមានមេរោគអេដស៍បានទទួលការព្យាបាល បានកើន ឡើងពី៣៧% នៅឆ្នាំ២០១០ មកដល់៩៦% នាឆ្នាំ២០២៣-  លទ្ធផលនេះ បានធ្វើឱ្យមានការធ្លាក់ចុះជាលំដាប់ នៃការប៉ាន់ប្រមាណ នៃការចម្លងមេរោគអេដស៍ពីម្តាយទៅកូនពី១៧,៥% ក្នុងឆ្នាំ ២០១៥ មកត្រឹម ៨,២% នៅឆ្នាំ ២០២៣-  ការពិនិត្យថែទាំផ្ទៃពោះលើកទី១ មានសារសំខាន់ណាស់ ដើម្បីឱ្យស្ត្រីដឹងពីសេវាអ្វីដែលគាត់ត្រូវធ្វើ អ្វីដែលគួរជៀសវាង តាមរយៈការផ្តល់ការពិគ្រោះពិភាក្សា ក្រោយពីស្តាប់ស្ត្រីដោយយកចិត្តទុកដាក់-  បង្កើនការយកចិត្តទុដាក់លើការពិនិត្យថែទាំផ្ទៃពោះឱ្យមានគុណភាព និងប្រសិទ្ធភាពដោយយ៉ាងហោចណាស់ជួបជាមួយស្រ្តីពី១០ ទៅ១៥នាទី-  អ្នកផ្តល់សេវាត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ  និងវិជ្ជាជីវៈ ជាពិសេសការកសាងគុណតម្លៃ និងសីលធម៌ជាប្រចាំ-  ការគោរពឯកជនភាព និងរក្សាការសម្ងាត់ជូនស្ត្រី ត្រូវផ្តល់គ្រប់ពេល-  ការចេះស្រាវជ្រាវរកសញ្ញាគ្រោះថ្នាក់ ការផ្តល់ការគ្រប់គ្រងព្យាបាល និងការបញ្ជូនត្រូវធ្វើឱ្យបានទាន់ពេល។ 

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកបច្ចេកទេស មកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរ ស្បែក និងកាមរោគ នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតំណាងដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងតំណាងសេវាសុខាភិបាលឯកជន ជាច្រើននាក់ផងដែរ ។