2024-06-03 10:06
139

ព្រះសីហនុ៖ បុគ្គលិកមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ និងស្ត្រីម្នាក់ទៀត បានចូលខ្លួនទៅបំភ្លឺទទួលកំហុស ធ្វើកិច្ចសន្យា នៅការិយាល័យជំនាញចរាចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ បញ្ឈប់ការល្មើសច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ និងស្នើសុំម៉ូតូរ៉ឺម៉ុក និងម៉ូតូយកយកទៅប្រើប្រាស់វិញ ដែលពួកគាត់តែងតែធ្វើការរំខានរករឿងដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផ្សេងៗជាច្រើនលើកច្រើនសារ។
   តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មានករណីស្ត្រីម្នាក់ ដែលតែងតែបង្កជម្លោះអុកឡុករំខានដល់សមត្ថកិច្ចចរាចរណ៍អនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមគោល មានឈ្មោះ ទេព ទីណា ដែលកន្លងមកធ្លាប់បានបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ជាច្រើនលើកច្រើនសារ មានដូចខាងក្រោម៖ 
១- កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្ត្រីឈ្មោះ ទេព ទីណា បានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅមុខសាលាសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មកបង្កបញ្ហាជេរប្រមាថសមត្ថកិច្ច និងយកទូរសព្ទថតវីដេអូរ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅគោលដៅ។
២- កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីរូបនេះបានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅមុខមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សកម្មភាពបានជិះ Pass Up មកបង្កបញ្ហាជេរប្រមាថសមត្ថកិច្ច និងយកទូរសព្ទថតវីដេអូរបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅគោលដៅ។
៣- កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីដដែលបានទៅបង្កបញ្ហា និងរករឿងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅបន្ទប់ទឹកទី១ ឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សកម្មភាពបានជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ មកឈប់នៅគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ដែលបានឃាត់ម៉ូតូកង់បី បើកបរបញ្ច្រាស់ទិសចរាចរណ៍។
   នគរបាលបានបញ្ជាក់ថា៖ ខណៈពេលនោះស្ត្រីម្នាក់នេះ ព្រមទាំងមានគ្នាមួយចំនួនទៀត បានមកអន្តរាគមន៍សុំយកម៉ូតូកង់បីដែលល្មើសច្បាប់ចរាចរណ៍មិនបាន ក៏បានរករឿងជេរប្រមាថគ្រប់បែបយ៉ាង និងថតរូប ថតវីដេអូរមកលើកម្លាំងនគរបាលចរាចរណ៍ បន្ទាប់មកកម្លាំងនគរបាល ក៏បានសួរនាំរឿងម៉ូតូគ្មានផ្លាកលេខ ប៉ុន្ត្កែស្រី្តនោះមិនបានឆ្លើយហើយនៅតែរករឿងកម្លាំងសមត្ថកិច្ចជំនាញ ក្រោយមកសមត្ថកិច្ចក៏បាននាំគ្នាឃាត់ម៉ូតូនោះ ដើម្បីលើកឡើងលើរថយន្តយកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ តែស្ត្រីម្នាក់នោះ និងបក្សពួកបាននាំគ្នាមករារាំងបង្កភាពចលាចល ទើបលោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ បានទៅដល់គោលដៅខាងលើ ដើម្បីសួរនាំរួចបានឃាត់ម៉ូតូកង់បី ០១គ្រឿង និងម៉ូតូ ០១គ្រឿង ដែលគ្មានផ្លាកលេខមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកតែម្តង។
លុះដល់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានតំណាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះសីហនុ បាននាំបុគ្គលិក ចំនួន ០២នាក់ មានឈ្មោះ អ៊ី វិត និងឈ្មោះ ផាន់ សុខា ដែលបានបង្កបញ្ហា និងអុកឡុកនៅគោលដៅបន្ទប់ទឹកទី១ មកធ្វើការសុំទោស និងធ្វើកិច្ចសន្យាឈប់ល្មើសចរាចរណ៍ផ្លូវគោក និងឈប់បង្កបញ្ហានៅគោលដៅរបស់សមត្ថកិច្ចទៀតឡើយ។ បន្ទាប់ពីបានធ្វើកិច្ចសន្យាចប់សព្វគ្រប់ បានប្រគល់ម៉ូតូរ៉ឺម៉ក់កង់បីខាងលើទៅឲ្យតំណាងមន្ទីរកសិកម្មយកទៅប្រើប្រាស់វិញ។
រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ ទេព ទីណា បានមកដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកស្នើសុំយកម៉ូតូវិញ ដោយបានទទួលកំហុសព្រមធ្វើកិច្ចព្រមព្រៀងជាមួយប្រធានគោលដៅ ចំនួន ០២គោលដៅខាងលើ មិនឲ្យមានករណីបង្កបញ្ហាជាមួយសមត្ថកិច្ចទៀតទេ និងសន្យាថាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឈប់ឲ្យមានការល្មើសទៀតហើយ ព្រមទាំងស្នើសុំការយោគយល់ពីសមត្ថកិច្ច ដើម្បីស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ។ ក្រោយពីបានធ្វើកិច្ចព្រមព្រៀងចប់ សមត្ថកិច្ចនគរបាលក៏បានប្រគល់ម៉ូតូជូនទៅឲ្យស្រី្តខាងលើវិញផងដែរ។
   ចំពោះបុគ្គលដែលយករឿងនេះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក (ផ្សាយផ្ទាល់) នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះថា៖ «បងប្រុសម្នាក់ យកមកខាងមន្ទីរកសិកម្មដឹកប្រពន្ធកូនដើរលេងត្រូវសមត្ថកិច្ចផាក ១០ម៉ឺនរៀល គាត់មិនមានលុយទេ ក៏បានតេហៅប្អូនស្រីជិះម៉ូតូយកលុយមកបង់សមត្ថកិច្ច តែម៉ូតូនោះប្អូនស្រីរបស់គាត់រំលោះមិនទាន់បានស្លាកកលេខទេ ក៏ត្រូវសមត្ថកិច្ចចាប់យកបន្ថែមទៀត ឮថាបងស្រីសុំសម្រួល ៣ម៉ឺនរៀលតែសមត្ថកិច្ចប្រាប់ថា ចៅហ្វាយខេត្តឱ្យយក «១០ម៉ឺនតើរឿងនេះជារឿងពិតទេបងសមត្ថកិច្ច អីយ៉ាស់រឿងនេះវាទៅជាយ៉ាងណាសុំបងប្អូនចូលរួមតាមដានទស្សនាវីដេអូទាំងស្រុង»។
ពាក់ព័ន្ធការផ្សព្វផ្សាយចោទប្រកាន់ករណីនេះ សមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការបដិសេធថាជារឿងមិនពិតទេ ហើយខាងសមត្ថកិច្ចកំពុងតែអញ្ជើញតំណាងខាងម្ខាស់ហ្វេសប៊ុកផេកនោះឱ្យចូលខ្លួនមកបំភ្លឺដែរ៕