2024-06-05 03:06
133

ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីម ឈូកវ៉ាចំនួន៦៧នាក់ ក្នុងចំណោមបុគ្គលិក១១០នាក់បានផ្ទុះការតវ៉ាសារជាថ្មី ដោយលើកបដាព្រោងព្រាត ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡាជាពិសេស សម្តេចបវរអធិបតីហ៊ុនម៉ាណែតនាយកររដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍ ដកលោកនាយកនិង លោកនាយករងម្នាក់ចេញព្រោះដឹកនាំមានភាពមិនប្រក្រតី ពុករលួយ និងបក្ខពួកនិយម ។ការតវ៉ានេះបានផ្ទុះឡើង កាលពីព្រឹកទី០៤ខែ មិថុនាឆ្នាំ ២០២៤នៅក្នុងបរិវេណវិទ្យាល័យជាស៊ីម ឈូកវ៉ា ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៦២ ភូមិអណ្តូង ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ នេះជាលើកទី២ ហើយដែល លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ នេះបានផ្ទុះការតវ៉ា ដើម្បីដកលោកប៊ុន មុនី ជានាយកនិងលោកយ៉ើ លាង ជានាយករង ចេញ។

តាមរយៈខ្លឹមសារដែលបានសរសេរនៅលើបដា តវ៉ា នោះបានធ្វើការចោទប្រកាន់ លោកប៊ុន មុនី ដែលជានាយកថាជា បុគ្គលផ្តាច់ការ, មានគំនិតអត្ថ ទត្ថបុគ្គល, ប្រើប្រាស់អំណាច សម្តីអសុរោះ ចំពោះបុគ្គលិកចាយវាយថវិកាក្នុងសាលា ក្នុងអង្គភាពដោយ              សេរី។

បើតាមលោកគ្រូ អ្នកគ្រូ ដែលផ្ទុះការតវ៉ា បានឱ្យដឹងថា ការជួបជុំគ្នា តវ៉ា ថ្ងៃនេះ ដើម្បី ស្នើសុំទៅក្រសួង អប់រំយុវជន និងកីឡា សុំប្តូរគណះគ្រប់គ្រងសាលា ព្រោះចាប់តាំង ពីលោក ប៊ុន មុនី មកគ្រប់គ្រង ជានាយក វិទ្យាល័យជា ស៊ីមឈូកវ៉ានេះមក គ្មានការរីក             ចម្រើនោះទេ ហើយ សាលា ខ្វះទឹក ខ្វះភ្លើង គ្រប់យ៉ាង ជាមួយគ្នានោះលោកនាយកបង្ខំឱ្យអាណាព្យាបាលសិស្សបង់ប្រាក់ថ្លៃទឹកភ្លើង ម្នាក់២០០០រៀលក្នុង១ខែ ហើយទឹកភ្លើងនៅតែខ្វះប្រើដដែល។

លោកគ្រូ អ្នកគ្រូបានឱ្យដឹងទៀតថា កន្លងមក លោកនាយកប្រកាន់តែបក្ខពួក ចាយលុយរបស់សាលា ស្រាច់តែ ចិត្តខ្លួនឯង យកតារាងបាល់របស់សាលាទៅជួលឱ្យឯកជន, លុយផ្ញើកង់ និងលុយ ជួលតូប យកស៊ីចាយខ្លួនឯង មិនបានយកលុយទាំងនោះទៅអភិវឌ្ឍ សាលាឬរៀបចំបន្ទប់ទឹកនោះទេ ។នៅក្នុងការដឹកនាំទៀតសោត ប្រើពាក្យសម្តីមិនសមរម្យ មិនស័ក្តសមជាអ្នកចេះដឹងនោះទេ ។

យោងតាមលិខិត របស់លោកគ្រូ អ្នកគ្រូ ដែលបានប្តឹងទៅប្រធានអង្គភាព ប្រឆាំងអំពើពុកលួយ ស្នើសុំដកលោកប៊ុន មុនី ជានាយកនិងលោកយ៉ើ លាង ជានាយករងនៃវិទ្យា ល័យជាស៊ីមឈូកវ៉ា ចេញពីអង្គភាព បានបញ្ជាក់ថា នាពេលកន្លងមក លោកនាយកនិងលោកនាយករងសាលាពិតជាបានប្រព្រឹត្តិខុស និងទទួលស្គាល់នូវកំហុសទាំងនេះ មែន៖ ទី១-ប្រើប្រាស់ពាក្យសម្តី អសុរោះចំពោះបុគ្គល, ២-ប្រើប្រាស់ថវិកាក្នុងអង្គភាពគ្មាន            កម្លាភាព, ៣-គាបសង្កត់លោកគ្រូអ្នកគ្រូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន, ៤-ការងារក្នុងអង្គភាពមួយចំនួនសម្រេចតែម្នាក់ឯង (អត្តនោម័តនិយម បក្ខពួកនិយម) និង៥-ឃោសនាបញ្ចុះបញ្ចូល អាណាព្យាបាលសិស្សានុសិស្សឱ្យបង់ប្រាក់ ។

លោកគ្រូ អ្នកគ្រូបានឱ្យដឹងទៀតថា បន្ទាប់ពី ផ្ទុះការតវ៉ាលើកមុន មន្ទីរអប់រំយុវជននិងកីឡា ក៏បានចុះទៅសម្របសម្រួល ដោយសន្យាថា នឹងដោះស្រាយជូនប៉ុន្តែមិនដឹងយ៉ាងម៉េចក៏ស្ងាត់ទៅវិញ ។លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថាប្រសិនបើគ្មានការដោះស្រាយ ដកលោកប៊ុន មុនី នាយកនិងលោកយ៉ើ លាង នាយករងវិទ្យាល័យ ជាស៊ីម ឈូកវ៉ាចេញទេ ពួកគាត់នឹងបន្តតវ៉ាទៀតហើយចាប់ពី ថ្ងៃនេះទៅពួក គាត់ នឹងធ្វើពហិកាមិនចូលបង្រៀននោះទេ ។

ពាក់ព័ន្ធទៅនិងព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំ ការបំភ្លឺពីលោកនាយក និងនាយករង បានឡើយ ដោយសារទូរស័ព្ទមិនចូល ។