2024-06-04 12:06
195

ខេត្តពោធិ៍សាត់: បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ ខណៈបើករថយន្តក្រឡុកស៊ីម៉ង់ត៍ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវស្នាមភ្លោះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ ត្រង់ចំណុចស្ពាន(A4) ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 តាមប្រភពព័ត៌មានពីលោក ឆ្លាំង មឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំថ្មដាដោយបានស្រង់សម្តីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញ              រថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E 3854 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥៥ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុដែលជាចំណុច ផ្លូវកោង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ក៏បានរ៉េចង្កូត             ទៅបុកនិងរនាំងផ្លូវបាក់អស់ប្រវែងប្រហែល៣០ម៉ែត្រ ហើយរថយន្តក៏បានក្រឡាប់ធ្លាក់ទៅស្នាមភ្លោះ ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌តែម្តង ។

 អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ដែលស្លាប់បាត់បង់ជីវិតខាងលើនេះមានឈ្មោះ លី លៀម ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

 បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានស្ទួចយករថយន្ត ទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។