2024-07-08 05:07
145

ភ្នំពេញ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) នៅថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ អំពីចំណាត់ការ និងការប្រឈមមុខនឹងច្បាប់ចំពោះយុវជនម្នាក់ ដែលបានព្យាយាមបើកបរម៉ូតូរត់គេចពីគោលដៅសមត្ថកិច្ចនគរបាលចរចរណ៍អនុវត្តច្បាប់ដោយបើកបំបុកបណ្តាលឱ្យរងរបួសធ្ងន់ នៅខេត្តព្រះសីហនុ។ 

ពាក់ព័ន្ធករណីនេះ មានមតិមហាជនមួយចំនួនបានលើកឡើងថា ហេតុអ្វីបានជាសមត្ថកិច្ចនគរបាលចរាចរណ៍យើងមិនមានការយោបយល់ករណីនេះ រហូទបណ្តោយឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងបែបនេះ? អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «យោងតាមស្មារតីអនុវត្តច្បាប់ គឺច្បាប់ផ្តល់សិទ្ធឱ្យអនុវត្តស្របច្បាប់ទៅលើបុគ្គណាដែលល្មើសច្បាប់ហើយប្រសិនបើមានហេតុការណ៍កើតឡើងដោយបុគ្គលល្មើសច្បាប់នោះ បង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ឬដល់មូលដ្ឋានមហាជន ច្បាស់ណាស់មហាជននឹងចង្អុលមកកាន់មន្ត្រីអនុវត្តច្បាប់វិញមិនខាន»។ 

លោក ទូច សុឃៈ បានបន្ថែមទៀតថា៖ «អ្នកល្មើសច្បាប់មិនបានបញ្ឈប់យាន ដើម្បីអនុវត្តច្បាប់នៅតែរឹងទទឹងចំពោះការអនុវត្តច្បាប់របស់រាជកាសាធារណៈវាជាកំហុសមួយដែលមហាជនពុំយកតម្រាប់តាម ឬពុំគួរគាំទ្រនូវទង្វើល្មើសច្បាប់នោះទេ។ បើតាមច្បាប់ចរាចរនៃព្រះរាជណាចក្រកម្ពុជា អ្នកបញ្ជាយានយន្ត ទោចក្រក្រយាន និងត្រីចក្រក្រយាន្តគ្រប់ប្រភេទត្រូវប្រកាន់ស្តាំ»។ ដោយឡែកអ្នកដែលល្មើសនឹងការចុះត្រូតពិនិត្យរបស់មន្ត្រីនគរបាលចរាចរណ៍នោះ គឺត្រូវប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់កំណត់ ព្រមទាំងផាកពិន័យផងដែរ។

អ្នកនាំពាក្យរងរូបនេះ បានបន្ថែមថា «ករណីយុវជនដែលបើកបរម៉ូតូបំបុកនគរបាលចរាចរណ៍នោះ ទី១៖ ត្រូវប្រឈមុខនឹងច្បាប់ប្រឆាំងនឹងរាជកាសាធារណៈ និងទី២៖ ត្រូវជាប់ចោទពីបទ ប្រឆាំងនឹងការអនុវត្តការងារជាសាធារណៈ និងម្យ៉ាងទៀត បើពិនិត្យទៅលើអំពើប្រព្រឹត្តដែលនាំឱ្យមានការខូចខាតកើតឡើង ពោលគឺសកម្មភាពបើកបរម៉ូតូបញ្ច្រាស់ទិស ប្រើប្រាស់ល្បឿនលឿនមិនព្រមឈប់តាមការបញ្ជារបស់មន្ត្រីនគរបាលចរាចណ៍ រហូតបំបុកនគរបាលចរណ៍បណ្តាលឱ្យរងរបួសធ្ងន់ទៀត អាចបកស្រាយទៅជាករណីហិង្សាដោយចេតនាផ្សេងទៀតក៏បានដែរ»។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៤ បានជិះម៉ូតូបញ្ច្រាសទិស ដើម្បីគេចពីគោលដៅប៉ូលីសឈរជើងអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ ជិះបុកប៉ូលីសដួលតែម្តង។ ក្រោយពេលកើតហតុ ករណីនេះ ការិយាល័យចរាចរណ៍ នៃខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបង្កយកទៅការិយាល័យប៉ូលិស ដើម្បីសាកសួង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមជម្រាបថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលរងរបួសក្នុងពេលបំពេញការងារ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបង្កឡើងដោយយុវជនម្នាក់ បើកបរម៉ូតូបំបុកលោក ខណៈពេលកំពុងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបណ្តាលឱ្យរងរបួសធ្ងន់៕