2024-05-28 07:05
201

ភ្នំពេញ៖ ជនជាតិវៀតណាម ចំនួន០៣នាក់ ត្រូវបានតំណាងអយ្យកា រនៃអមសាលាដំបូងរាជធានីភ្នំពេញ សម្រចចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន ប្រមាណ ១០៧ គីឡូក្រាម ក្នុងនោះ ០២នាក់ ត្រូវចោទប្រកាន់ពីបទ៖ «ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» និងម្នាក់ទៀត ចោទប្រកាន់ពីបទ៖ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» រីឯបក្ខពួកដែលពាក់ព័ន្ធដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធីច្បាប់។
   អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុច ទីតាំងទី១ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទីតាំងទី២ នៅចំណុច បន្ទប់លេខ ១១០៥ ជាន់ទី១១ ខុនដូរម៉ាឡា «CALLA» ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទីតាំងទី៣ នៅចំណុច បន្ទប់លេខ ១២៨ ជាន់ទី១២ ខុនដូរថាមស្ទើរ (TIME SQUARE) ផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ទី១-ឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម, ទី២- ឈ្មោះ យឿង ទឹក (YOEUNG DOEK) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម និង ទី៣- ឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម នូវសារធាតុញៀន ប្រភេទ ហេរ៉ូអ៊ុន ទម្ងន់ ៣១,២១ ក្រាម, ប្រភេទ MDMA ទម្ងន់ ១៥.៤៧៧,៦៨ ក្រាម, ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២៣៦៧,៣១ ក្រាម, ប្រភេទ កេតាមីន ទម្ងន់ ៧៧២៦ ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨១.៤៩០,៨៤ ក្រាម។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ០៣នាក់ ខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

   ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទី១- ឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA), ទី២- ឈ្មោះ យឿង ទឹក (YOEUNG DOEK) និងបក្ខពួក ពីបទ៖ «ផលិត រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និង ទី៣- ឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ពីបទ៖ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
   សូមរំឭកថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០និង១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១- តាមបណ្តោយផ្លូវ ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២- នៅខុនដូរខាឡា (CALLA)បន្ទប់លេខ ១១០៥ ជាន់ទី១១ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣- ខុនដូរ Time Square បន្ទប់លេខ ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលក្នងប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់ខ្លួនជនល្មើស ០៣នាក់ ស្រី០១នាក់៖ ១- ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម, ២-   ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម និង៣- ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ចាប់យករួមមាន: គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (MDMA) ទម្ងន់ ១៥ ៤៧៧,៦៨ ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ២ ៣៦៧,៣១ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៧ ២២៦ ក្រាម, គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម, សារធាតុគីមីផ្សំ ទម្ងន់សរុប ៨១ ៤៩០,៨៤ ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម) វត្ថុតាងគ្រឿងញៀន សរុបទម្ងន់ ២៥ ១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម)
បច្ចុប្បន្ន ជនល្មើសខាងលើត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រុមស៊ើបសួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕