2024-08-04 10:08
137

ពោធិ៍សាត់៖ បន្ទាប់ពីកើតមានឧបទ្ទហេតុ រថភ្លើងដឹកប្រេងឥន្ទនៈ ០១គ្រឿង ចេញដំណើរពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅវេលាភៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុច PK-123+350 ស្ថិតនៅមុខវត្តបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Royal Railway Cambodia បានចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែងដល់ចំណុចកើតហេតុ ដើម្បីស្វែងរកដើមចមដែលនាំឱ្យមានគ្រោះថ្នាក់នេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា៖ «ឧបទ្ទវហេតុធ្លាក់ទូរថភ្លើងរបស់ក្រុម Royal Railway Cambodia ដឹកប្រេងឥន្ធនៈ ចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើង ចំណុច PK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ គ្មានមនុស្សរងគ្រោះថ្នាក់ ឬប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឡើយ»។ 

អ្នកបើកបររថភ្លើងត្រូវបានគេស្គាលថា មានឈ្មោះ តៃ វីរីយ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនមានរងរបួសនោះឡើយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ «ក្រោយទទួលបានព័ត៌មាន ករណីខ្សែររថយន្តភ្លើងបន្ទាយមានជ័យមកភ្នំពេញ ក្រុមមការងារបច្ចេកទេសបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យជាក់ស្តែង ដោយមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង ១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ បច្ចុប្បន្នក្រុមមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ សហការជាមួយ ក្រុមហ៊ុន Royal Railway បានដើម្បីអន្តរាគមន៍ និងស្ទូចទូរថភ្លើង ចំនួន ០៦ទូរលើកដាក់លើផ្លូវដែកវិញ»

សូមជម្រាបថា ក្រុមហ៊ុន Royal Railway Cambodia  របស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងតែប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព សេវាកម្មឱ្យកាន់តែល្អឆាប់រហ័យជូនដល់អតិថិជន និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែជារឿងៗតែងតែកើតមានគ្រោះថ្នាក់ចរចរណ៍បុករថយន្តអ្នកដំណើរ និងកិនមនុស្សបណ្តាលឱ្យស្លាប់ និងរបួសជាដើម។

អ្នកនាំពាក្យក្រសួងធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ «ចំពោះលទ្ធផលនៃការស្រាវជ្រាវលម្អិត នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីក្រុមហ៊ុន Royal Railway Cambodia នឹងផ្សព្វផ្សាយនាពេលក្រោយ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក ចំនួន ០៧ទូ នៅចំំណុច ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ផ្លូវរថភ្លើងវៀចដែក ហើយភ្លៅកង់រថភ្លើងដាច់រមៀលចេញរថភ្លើងតែម្ដង ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ។

សូមរម្លឹកផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ និងស្រាល ចំនួន៤៦នាក់ ផងដែរ៕