2024-09-15 01:09
30

កំពង់ស្ពឺ៖ ក្មេងទំនើបប្រចាំឃុំតាំងស្យា ស្រុកភ្នំស្រួច ដែលបានធ្វើសកម្មភាព ជិះម៉ូតូកាន់ពូថៅដៃដេញតាមរថយន្ត និងគប់ត្រូវចំទ្វារថយន្ត កាលពីកន្លងទៅថ្មីៗនេះ ត្រូវអស់លក្ខសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបា​លស្រុកភ្នំស្រួច បើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យឈានដល់ការចាប់ខ្លួនរួចបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ​បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣០នាទី មានជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ឈ្មោះ សែត គឹមជ្រុន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ០១ គ្រឿង ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-0717 ជិះបញ្ច្រាសទិសគ្នា មកដល់ចំណុចខាងកើតស្ពានស្ទឹងព្រៃរមៀត ជនសង្ស័យទាំង០២នាក់ ខាងលើ បានយកពូថៅគប់ មកលើរថយន្ត ម៉ាកពុយស៊ូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-5536 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0195 ជារបស់ជនរងគ្រោះត្រូវចំទ្វាររថយន្ថខាងឆ្វេង បណ្ដាលឱ្យខូចខាតស្រាល រួចជនសង្ស័យខាងលើក៏បានជិះគេចខ្លួនទៅទិសខាងកើតបាត់។

នគរបាលបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្ចាស់រថយន្ត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យ រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង០០នាទី សមត្ថកិច្ចបានហៅជនសង្ស័យទាំង០២នាក់ ខាងលើ មានទី១៖ ឈ្មោះ សែត គឹមជ្រុន ហៅ ប៉ាតតា អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល និងទី២៖ ឈ្មោះ ពៅ ដាលីន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច យកមកសាកសួរតាមនិតិវិធី។

ក្រោយការសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា៖ «រូបខ្លួនទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើពិតប្រាកដមែន»

ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ បញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕