2024-05-30 07:05
235

ភ្នំពេញ៖ ក្រោយពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផល នៃកិច្ចប្រតិបត្តិការរបស់ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះ ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន ៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន ២២៣នាក់ កើនខ្ពស់ជិត ២ដងធៀបនឹងកិច្ចប្រតិបត្តិការកន្លងទៅ។

អ្នកនាំពាក្យរងដដែលបានបន្ថែមថា៖ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោក ទូច សុឃៈ បានឱ្យដឹងថា ចំពោះវិធានការក្រុមក្មេងទំនើងទាំងនោះ នឹងប្រឈមមុខវិធានការរដ្ឋបាលអប់រំ ណែនាំ ធ្វើកិច្ចសន្យា ប៉ុន្តែបើមានបទល្មើសព្រហ្មទណ្ឌត្រូវមានវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេសរាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។  សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើង ដែលឃាត់ខ្លួនបានសរុបដោយជាលទ្ធផលបានរកឃើញថាជាង ៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។

ហេតុដូច្នេះហើយបានជាក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន៕