2024-05-30 05:05
167

ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្កែផ្ការវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោករដ្ឋលេខាធិការ ជុំ សុន្ទរី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ការកើនឡើងនូវវត្តមានរបស់ ក្រុមហ៊ុនអាមេរិកនានានៅកម្ពុជា កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងវត្ថុបុរាណ កិច្ចសហប្រតិបត្តិការលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (POW/MIA) ដែលកម្ពុជាត្រូវបានចាត់ទុកថា ជា “ដៃគូដ៏ល្អបំផុត” និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យសុខាភិបាល អប់រំ មាតុភូមិនិវត្តន៍ និងទេសចរណ៍។ លោករដ្ឋលេខាធិការ បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការរីកចម្រើនបន្តទៅទៀត នៅក្នុងទំនាក់ទំនងទ្វេភាគី។

កិច្ចពិភាក្សានេះ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានផងដែរ ខណៈដែលកម្ពុជា នឹងទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេលបីឆ្នាំពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ នៅខែកក្កដាខាងមុខ៕