2024-09-01 04:09
120

ភ្នំពេញ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានធ្វើការណែនាំដល់អ្នកដែលមានសិទ្ធប្រើប្រាស់ស្លាកលេខខេមរភូមិទាំងអស់ ត្រូវតែជានាយទាហានពេញសិទ្ធ ដោយមិនអនុញ្ញាតិឱ្យជនស៊ីវិល ឬជនបរទេ​សប្រើប្រាស់បានដាច់ខាត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយករដ្ឋបច្ចេកទេស ដែលក្រុមការ​ងារទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ស្ថាប័ន កងឯកភាព ចំណុះក្រសួងកា​រ​ពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា «អាស្រ័យដោយស្ថានភា​ព​​នៃការប្រើប្រាស់យានយន្តពាក់ស្លាកកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមា​ន​នូវបាតុភាពមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើ​ប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស នៃកងយោធពលខេមរភូមិន្ទទាំងមូលតែម្តង»

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានបញ្ជាក់ថា៖ «ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទទាំ​ង​អស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានា​យទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ កា​រ​ប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ ក្រសួងការពារជាតិ ចំពោះក្រុ​មហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នាដែរ»។ 

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានបន្ថែមថា៖ «ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»