2023-10-07 12:10
225

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើការព្រមានឲ្យម្ចាស់អណនី Facebook ដែលមានឈ្មោះ «Thera Kh» ឲ្យលុបវីដេអូចាស់ដែលទើបមកបង្ហោះបង្ហាញអំពើហិង្សាមានស្ថានទម្ងន់ទោសយ៉ាងឃោរឃៅលើកុមាជាបន្ទាន់ ពុំដូច្នេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «សកម្មភាពវីដេអូស្តីអំពីហិង្សាលើកុមានោះ គឺជាវីដេអូចាស់ ដែលបានកើតមានតាំងពីឆ្នាំ២០២០មកម្លេះ ប៉ុន្តែម្ចាស់គណនីខាងលើទើបយកបង្ហោះ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយ៉ាងធ្ងន់ធ្ងរ»។

អគ្គស្នងការនគរបាលជាតិ បានព្រមានម្ចាស់គណនី Facebook មានឈ្មោះ «Thera Kh» យ៉ាងដូច្នេះថា «សូមឈប់យកព័ត៌មានចាស់មកបង្ហោះដែលនាំឲ្យមានការយល់ច្រឡំថា ជាព័ត៌មានថ្មី ពិសេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។

អគ្គស្នងការនគរបាលជាតិ សូមបញ្ចាក់ថា «ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយម្យ៉ាងទៀតសោតក៏កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារផងដែរ។ សូមម្ចាស់គណនីឈ្មោះ Thera Kh លុបវីដេអូនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់»៕