2023-05-03 07:05
415

កំពង់ធំ៖ មុខសញ្ញាក្រុមចោរញីឈ្មោល ដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនលើក ត្រូវបានកម្លាំងកងរាជអាវុហត្ថខេត្តកំពង់ធំ ស្រាវជ្រាវ និងបង្ក្រាបក្រោយការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ 

ការបង្ក្រាមមុខសញ្ញាគាស់ផ្ទះដ៏សកម្មខាងលើ ធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ និងការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាយ វាសនាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ។ 

សូមជម្រាបថា កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ករណីចោរចូលលួចទ្រព្យ នៅភូមិថ្លល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន បានបើកការស៊ើបអង្កេត ស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ និងបានចាប់យកវត្ថុតាងមួយចំនួន។ 
ជនសង្ស័យទាំ០២នាក់ រួមមាន ទី១- ឈ្មោះ អុល សំអូន ភេទ ប្រុស អាយុ ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុក កំពង់ស្វាយ និងទី២- ឈ្មោះ ហ៊ន ស្រីពេជ្រ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ អ្នកទាំងពីរជាសង្សារនឹងគ្នា ជួលបន្ទប់ស្នាក់នៅក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះលួចសម្ភារៈបងប្អូនប្រជាពលរដ្ឋជាច្រើនលើក។ 

ក្រុមចោរញីឈ្មោលបន្ទាប់ពីបានឃាត់ខ្លួនអ្នកទាំងពីរ បានសារភាពថា "ខ្លួនធ្លាប់ធ្វើសកម្មភាពក្នុងការជិះម៉ូតូលួចគាស់ផ្ទះ និងលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមភូមិជាច្រើនលើកច្រើនសារ"។ 

សមត្ថកិច្ចកងរាជអាវុធហត្ថបានរកឃើញវត្ថុតាង រួមមាន៖ កុំព្យូទ័រចំ នួន០២គ្រឿង ,ទូរសព្ទដៃ ចំនួន១៤គ្រឿង ,អេក្រង់បិទទូរសព្ទ ចំនួន២០សន្លឹក ,កញ្ចក់បិទអេក្រង់ទូរសព្ទ ចំនួន២៦សន្លឹក ,speaker ចំនួន០៣គ្រឿង ,លោហ:ធាតុពណ៌លឿង ចំនួន០៣ខ្សែ ,បន្តោងដាំត្បូង ចំនួន៩៤ ,ចិញ្ចៀនចំនួន ០៣វង់ ម៉ូតូ ០១គ្រឿង នុងប្រាក់រៀល ចំនួន២៣ម៉ឺនរៀល។ 

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងដកហូតបានប្រគល់ជូនម្ចាស់ដើមវិញ៕