2024-04-08 08:04
26

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់ ក្នុងករណី ធ្វើសកម្មភាព បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះនៅស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអោយដឹងថាជនសង្ស័យមានឈ្មោះ ញឹម ករណា  អាយុ១៥ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ខឿន ចាន់ភក្ដី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិព្រីងជ្រុំ ឃុំព្រះន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាអ្នកកាន់កាំបិតផ្គាក់ និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១T ៥១៥២។

ប្រភពបន្តថា នៅវេលាម៉ោង១៩និង៤៨នាទីយប់ ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រសូត្រ បានចេញល្បាតចល័តនៅតាមផ្លូវជាតិ ៣១៤D បានប្រទះឃើញក្មេងទំនើងចំនួនមួយក្រុមមានគ្នាចំនួន០៧ នាក់ ម៉ូតូចំនួន ០៣ គ្រឿង ដោយឃើញមានកាន់កាំបិតផ្គាក់ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វេីការឃាត់ម៉ូតូបានចំនួន០១គ្រឿង ជិះគ្នាចំនួន០២នាក់ និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១T ៥១៥២ ។

ចំណែក អ្នកបើកម៉ូតូ០២គ្រឿងទៀត  ឃើញសភាពការណ៍មិនស្រួល បានជិះរត់គេចចេញពីកន្លែង។
តាមចម្លើយរបស់ឈ្មោះ ខឿន ចាន់ភក្ដី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួននិងបក្សពួកពិតជាធ្លាប់បានធ្វើសកម្មភាពបានយកកាំបិតផ្គាក់កាប់ទៅលើគេបានចំនួន០២លេីក លេីកទី១កាលពីកំឡុង ខែ១១ ឆ្នាំ ២០២៣ បានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះបណ្ដាលឱ្យរងរបួសខ្នង នៅខាងលិចផ្ទះសំណាក់បារីស ស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លេីកទី២ នៅក្នុងខែ១១ ឆ្នាំ ២០២៣ ដូចគ្នា ខ្លួននិងបក្សពួកបានធ្វើសកម្មភាពកាប់ទៅលើគេម្តងទៀតនៅខាងលិចវត្តសាមគ្គី បណ្ដាលឱ្យជនរងគ្រោះរងរបួសស្មាខាងឆ្វេង ស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយពីធ្វើសកម្មភាពខ្លួននិងបក្សពួកបានគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការតាមច្បាប់ ៕