2023-08-02 05:08
139


ភ្នំពេញ៖     ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងឡើងដោយរថយន្តស៊េរីទំនើប បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់សំឡេងដូចគ្រាប់បែក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុនាំគ្នារត់ទៅមើលទាំងកណ្តាលរាត្រី។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុបសេរីភាព ក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
  យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស មានផ្លាកលេខ ខេមរភូមិន្ទ09. 2-9060 ធ្វើដំណើរជាលក្ខណៈគ្រួសារ បើកបរក្នុងល្បឿនលឿនមិនច្បាស់ទិសដៅ។ លុះមកដល់ចំណុចកើតហេតុ ក្រោមភ្លើងស្តុបសេរីភាព រថយន្តខាងលើបានបួងចង្កូតខណៈពេលបើកបរលឿនបណ្តាលឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតអស់០២កង់ ចំណែករថយន្តបានបុកផ្ទប់ពេញទំហឹងបណ្តាលឱ្យខូចខាតនៅផ្នែកខាងមុខ បែកកញ្ចក់ ផ្ទុះពោងការពារសុវត្តិភាព បែកកង់ដាច់កាឡេ ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
   ចំណែកអ្នកឃើញហេតុការណ៍ផ្សេងទៀតបានឱ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើនេះបើកលឿនណាស់ ដេញបុកគេពេញផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង។

   មួយសន្ទុះក្រោយមក គេឃើញមានគ្នីគ្នាម្ចាស់រថយន្តខាងលើរត់មកបកស្លាកលេខខេមរភូមិន្ទចេញ ព្រមទាំងឃើញគ្នីគ្នាម្ចាស់រថយន្តខាងលើ បើករថយន្ត១គ្រឿងទៀតមកដល់ រួចយកក្រដាសឡាំងទៅបាំងស្លាកលេខផ្នែកខាងក្រោយរថយន្ត។ ដោយឡែកបុរសម្នាក់ទៀតបានរត់ទៅបើកទ្វារ រួចបកស្លាកលេខដែលនៅជាប់កញ្ចក់ ខុសគ្នា២ស្លាកលេខមុខក្រោយបែរទៅជា ភ្នំពេញ 2AZ-5444 ទៅវិញ។
  ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង ព្រមទាំងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕