2023-10-23 12:10
310

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់យុវជនអ្នកញៀនគ្រឿងញៀនចំនួន ៧៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

លោកវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះប្អូនៗបានរៀនជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អចំនួន៧៩នាក់ និងបានទទួលវិញ្ញាបនបត្រ ដែលមានការទទួលស្គាល់ពីមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង ហើយប្អូនៗដែលរៀនមិនទាន់ចប់សូមខិតខំរៀនដើម្បីបញ្ចប់នឹងទទួលបានវិញ្ញាបនបត្រនេះដែរដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបរបរចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារ។


លើកឡើងនាឱកាសនោះលោក សុខ លូ បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនកំពុងត្រូវបានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី៧ គឺមិនដកថយឡើយ មានតែខិតខំទៅមុខទៀត ដោយបន្តធ្វើយ៉ាងណាផ្តាច់ឫសគល់អ្នកដែលចែកចាយគ្រឿងញៀន បើអស់អ្នកចែកចាយគ្រឿងញៀន គឺអស់អ្នកប្រើប្រាស់គ្រឿងញៀន ហើយត្រូវបង្កើនការអប់រំ និងការផ្សព្វផ្សាយ ដល់យុវជននិងប្រជាពលរដ្ឋគ្រប់សហគមន៍ភូមិ ឃុំ សង្កាត់ ដើម្បីកុំឱ្យចាញ់កលគេ ហក់ចូលទៅក្នុងការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន។

លោក សុខ លូ ក៏បានបង្ហាញនូវភាពរីករាយចំពោះយុវជនទាំងអស់ដែលបានមកទទួលយកការបន្សាប និងព្យាបាលសារធាតុគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន ខេត្តបាត់ដំបង និងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដែលបច្ចុប្បន្នជំនាញវិជ្ជាជីវៈនេះ ដែលយើងកំពុងត្រូវការខ្លាំងណាស់ ខណៈដែលយើងកំពុងមានការខ្វះខាតកម្មករជំនាញយ៉ាងច្រើនផងដែរ ដូចជាជំនាញតបណ្តាញអគ្គិសនី ជួសជុលទូរស័ព្ទ ជួសជុលម៉ូតូ និងម៉ាស៊ីនត្រជាក់ជាដើម ដូច្នេះសូមយុវជន យុវនារីទាំងអស់ ដែលទទួលបានការបន្សាបសារធាតុញៀន ហើយមិនត្រូវប្រព្រឹត្តទៀតឡើយ ក្នុងនោះពេលបានជំនាញវិជ្ជាជីវៈនេះហើយ ក៏សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើនូវជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាជួយលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងផងដែរ៕