2024-04-05 04:04
40

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ DEN SONY ដែលជាតារាល្បីល្បាញលើបណ្តាញទំនាក់ទំនងសង្គម ឬហៅថា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើនារីម្នាក់ ក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានថា នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ គង់ សុខសែង ហៅ DEN SONY ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើស្ត្រីម្នាក់ នៅបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ 

សូមជម្រាបថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ «ហិង្សា ដោយចេតនា» ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧និង១៥ នាទី (ម៉ោង១៦និង១៥នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕