2023-07-31 02:07
206

ស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង ដាក់ឱសានវាទ ឱ្យមេក្លោងដែលបានគៀងគរកម្លាំងប្រជាពលរដ្ឋ លួចកាប់ព្រៃរានយកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ នៅចំណុចតំបន់អភិរក្សភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រ ទឹកដីក្នុងឃុំតាឡាត ចូលខ្លួនមកដោះស្រាយផ្លូវច្បាប់។

 លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានប្រាប់កាសែតថា អាជ្ញាធរស្រុក និងមន្ត្រីបរិស្ថាន មានវិធានការបន្ថែមទៀតទៅលើជនសង្ស័យដែលគៀងគរប្រជាពលរដ្ឋ ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ហើយដុតព្រៃរានយកដីនាំគ្នាដាំណាំផ្សេងៗ និងលួចធ្វើសាងសង់ផ្ទះស្នាក់នៅក្នុងព្រៃហើយចាប់បង្ខំឱ្យអាជ្ញាធរវាស់វែងឱ្យ។       

 លោកបន្តទៀតថា សកម្មភាពកាប់ទន្ទ្រានព្រៃឈើរំលោភយកដីធ្វើជាកម្មសិទ្ធបែបនេះ ជាគង្វើរខុសច្បាប់ ហើយបងប្អូនបានធ្វើកិច្ចសន្យា បញ្ឈប់ការគៀងគរកម្លាំង និងនាំគ្នាចាកចេញពីរំបន់អភិរក្សនេះ តែក្នុងរយៈពេលជាងមួយខែហើយ មិនអនុវត្តតាមកិច្ចសន្យាទេ អាជ្ញាធរ និងកសាងសំណុំរឿងសាជាថ្មី   ដាក់បញ្ជូនទៅតុលាការ។     

 លោកបន្តថា  ចំណែកប្រជាពលរដ្ឋក្រីក្រពិតប្រាកដ  សូមមកជួបលោកមេភូមិមេឃុំ ដាក់ពាក្យស្នើសុំដីធ្លីទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល     ហើយអាជ្ញាធរខេត្តនិងដោះស្រាយជូនត្រឹមត្រូវតាមនិតិវិធី ។   

 លោក មួន ភីត មេឃុំតាឡាត បានបញ្ជាក់ថា ប្រការនេះអាជ្ញាធរភូមិ ឃុំបានធ្វើការផ្សព្វផ្សាយរួចមកហើយតែបងប្អូនដែលលួចចូលទៅរស់នៅរាយប៉ាយទាំងនោះ មិនបានមកជួបអាជ្ញាធរទេ ទោះបីបានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចរួចមកហើយក៍ដោយ។ 

 លោកទូច វិចិត្រ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ ប្រចាំនៅរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តឃុំ តាឡាត ស្រុកសេសាន បានបញ្ជាក់ថា៖មុខសញ្ញាទាំងនេះសុទ្ធតែជនជាតិខ្មែរអ៊ីស្លាម  ដែលមកពីបណ្តាខេត្តផ្សេងៗពីគ្នា   ដូចជា ក្រចេះ ត្បូងឃ្មុំ និងស្ទឹងត្រែងផងដែរ។

 លោកបន្តថា អ្នកដែលបានធ្វើកិច្ចសន្យាហើយនេះ រួមនិងមេក្លោងផង ត្រូវចូលខ្លួនមកដោះស្រាយ ហើយបញ្ឈប់សកម្មភាពរបស់ខ្លួន បើមិនអនុវត្តតាមទេនិងប្រឈមចំពោះមុខច្បាប់ដោយមិនមានការលើកលែងឡើយ។     

 សូមបញ្ជាក់ថា៖ផ្ទៃដីភ្នំក្រឡាពស់  មានទំហ៊ំ ១១០.៦៥១ហិកតា ហើយទីតាំងនេះ មានមេក្លោងគៀងគរខ្មែរអ៊ីស្លាម ចូលទៅកាប់ព្រៃរានយកដី និងលួចសាងសង់ផ្ទះរស់នៅបែបអនាធិបតេយ្យតែម្តង ទើបអាជ្ញាធរមានវិធានការ និងបញ្ជូនសំណុំរឿងទៅតុលាការ៕