2023-05-17 09:05
321

កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៥ រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ 

ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យើងពិតជាមោទនភាព ដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ដែលជាសហគមន៍តែមួយហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈយុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកបានថ្លែងទៀតថា “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកំសាន្ត និងអាចបន្តមកទស្សនាបន្តទៀតក្នុងពេលខាមុខ។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ជាក់ស្តែងមោទនភាពជាតិ ក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់គ្រប់កីឡាករក្នុងការប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយ សរុបចំនួន ២៨២ ក្នុងនោះមេដាយមាស ចំនួន៨១ ,មេដាយប្រាក់ ចំនួន៧៤ និងមេដាយសំរិទ្ធ ចំនួន១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ 

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ៕