2023-05-11 05:05
551

កំពង់ចាម៖ ផ្តើមអំពីរឿងផ្នូរដូនតាដែលកប់ក្នុងដីចំការបានធ្វើបងប្អូនជីទួតមួយបាញ់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃបំផុត។

ករណីឃាតកម្មបងប្អូនបាញ់សម្លាប់គ្នានេះ កើតឡើងនៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិអណ្តូងត្រាំ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នគរបាលបានប្រាប់ឲ្យដឹងថ ជនរងគ្រោះមានឈ្មោះ ផុន សុភ័ណ្ឌ (ប្តី) និងឈ្មោះ ជិន ចាន់ណា (ប្រពន្ធ) រស់នៅភូមិអណ្តូងត្រាំ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ 

មុនពេលកើតហេតុ ជនរងគ្រោះបានទាក់ទងទងទៅជនសង្ស័យត្រូវជាប្អូនជីទូតមួយឲ្យផ្ទះរបស់ខ្លួនដើម្បីពិភាក្សាគ្នា ពាក់ព័ន្ធនឹងរឿងផ្នូរដូនតាបានកប់លើដីរបស់គាត់។ ក្រោយមកជនសង្ស័យបានបើករថយន្តទៅដល់ផ្ទះជនរងគ្រោះពិភាក្សាគ្នាអំពីផ្នូរដូនតាដែលកប់លើក្នុងដីចំការតែមិនត្រូវគ្នា ក៏មានការឈ្លោះប្រកែកតឹងសរសៃករដោយពាក្យសម្តីរវាងភាគីទាំងពីរពេលជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះចំផ្ទៃមុខមួយដៃ រួចដកកាំភ្លើងខ្លីពីចង្កេះបាញ់រះ ចំនួន០៥-០៦គ្រាប់ ទៅលើជនរងគ្រោះចំប្រអប់ដៃខាងស្តាំ ចំក្បាលផ្នែកខាងស្តាំ និងប្រពន្ធ ត្រូវចំក្បាល បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ 

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រម៉រ ចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ធ្វើការពិនិត្យ និង ស្រាវជ្រាវស៊ើបអង្កេត។ ចំណែកជនល្មើសបានបើកររថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-8346 គេចខ្លួនពីកន្លែងកើតមកផ្លុងចោល នៅចំណុចវត្តចន្ទមូលី ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និងបានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវតាមរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕