2023-08-11 10:08
196

 ខេត្តរតនគិរី : នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែមសំអឿន  អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យច្រកចេញចូលតែមួយ និងនិងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកអូរជុំ។

​​ លោក គៀង តុលា អភិបាលស្រុកអូរជុំ បានសម្តែងនូវការ សូមស្វាគមន៍ ប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលទទួលបាននូវសមិទ្ធផលថ្មី មួយទៀត សំម្រាប់រដ្ឋបាលស្រុកអូរជុំ ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋប្រកប ដោយតម្លា ភាព និងរហ័សទាន់ចិត្តតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។លោកអភិបាលស្រុកបន្តថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកអូរជុំ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ដែលមានទំហ៊ំ២២០ម៉ែត្រការ៉េ។

 ដោយមានមន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយសម្រាប់ផ្តល់សេវាចំនួន ១៣ វិស័យមានជាអាទិ៍ ៖ វិស័យសុខាភិបាលវិស័យទេសចរណ៍វិស័យសាធារណការ និងដឹកជញ្ជូនវិស័យឧស្សាហកម្ម និងសិប្បកម្ម,វិស័យវប្បធម៌ និងវិចិត្រសិល្បៈ,វិស័យកសិកម្ម,វិស័យសុរិយោដី និងសំណង់វិស័យអប់រំយុវជន និងកីឡា,វិស័យពាណិជ្ជកម្ម, វិស័យរ៉ែ និងថាមពល។

 មានប្រសាសន៍ក្នងពិធីសម្ភោធដាក់ឲប្រើប្រាសអគារការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលស្រុកអូរជុំ នាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុកអគារច្រកចេញចូលតែមួយនេះជា សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តរតនគិរី និយាយជារួម និងសម្រាប់ស្រុកអូរជុំ និយាយដោយឡែក ដើម្បីដាក់ ឲ្យមន្ត្រីរាជការសាលាស្រុកអាចប្រើប្រាស់បាន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណ ជននានាមកទទួលសេវាផងដែរ។ ហើយតាមរយៈនេះអគារថ្មីដ៏ស្រស់ស្អាតនេះ វានឹងជួយរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលដល់មន្ត្រីអាចធ្វើការបានពេញលេញទាំងរដូវប្រាំង និងរដូវវស្សា។

 ឯកឧត្តម អភិបាលខេត្តមានជំនឿយ៉ាង មុខមាំថា អគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់រដ្ឋបាល ស្រុក និងប្រជាពលរដ្ឋក្នុងស្រុកអូរជុំទាំងមូល ។ឯកឧត្តម បានស្នើអោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់ការិយាល័យនៃរដ្ឋបាលស្រុកអូរជុំទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់អគារ និងសម្ភារៈ បរិក្ខាដែលបានបំពាក់ជូនឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាត អនាម័យ ជួសជុល កែសម្រួល ឲ្យបានជាប់ជាប្រចាំដើម្បីអាចប្រើប្រាស់យូរអង្វែង លើសពីនេះ ត្រូវគិតគូរលៃលក លើកគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំងការតុបតែងលម្អទាំងក្នុង និងក្រៅបរិវេណអគារការិយាល័យស្រុកបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការចំពោះមុខ។ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តបានឧបត្ថម្ភដល់រដ្ឋបាលស្រុកអូរជុំជាថវិកា ២លាន២០មុឺនរៀលផងដែរ៕