2023-10-05 06:10
340

(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសនីយ៍ទោ ម៉ម សាវ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោយទទួលបានបទបញ្ជា និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។

ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនជាតិចិន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពគាស់ទ្វាររថយន្ដ៣ករណី នៅខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌទួលគោក យកអស់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះសរុបជាង២០ម៉ឺនដុល្លារ។

ប្រតិបត្តិការនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដោយមានការអនុញ្ញាពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការ ត្រួតពិនិត្យបន្ទប់លេខ៣០១ ផ្ទះជួលលេខN៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (យកដែកគោលកែច្នៃធ្វើ សកម្មភាពដោតកង់រថយន្តបណ្តាលឲ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ក្នុងរាជធានីភ្នំពេញ ចំនួន៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

ផ្អែកតាមចម្លើយសារព័ត៌មាន បានបញ្ជាក់ថា៖
*ករណីទី១៖ ប្រព្រឹត្តនៅចំណុចមុខសិប្បកម្មស្បែកជើង ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ តុង ចាន់តឺ (DONG ZHANDE) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នឃ្លាំងសិប្បកម្មស្បែកជើង ផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរម្ចាស់សិប្បកម្ម។

សម្ភារៈបាត់បង់ កាបូបពណ៌ខ្មៅ ចំនួន១, ប្រាក់ដុល្លារចំនួន ២០,៥០០ដុល្លារ, ប្រាក់ចិនចំនួន ១,៥០០យ័ន, លិខិតឆ្លងដែនចំនួន១, ប័ណ្ណបើកបររថយន្តចំនួន១ និងត្រាសម្គាល់ក្រុមហ៊ុនចំនួន១។

*ករណីទី២៖ ប្រព្រឹត្តនៅចំណុចមុខអគ្គីសនីកម្ពុជាសាខាចាក់អង្រែ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ជា ជិញ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៥អឺ០ ផ្លូវលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមន្ត្រីរាជការ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ សម្ភារៈបាត់បង់ប្រាក់ដុល្លារចំនួន ៣៥,០០០ដុល្លារ។

*ករណីទី៣៖ ប្រព្រឹត្តនៅចំណុចក្បែរទូដកប្រាក់ជាប់របង វិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុម១ សង្កាត់ទឺកល្អក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ TAI SURUI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៩ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា មុខរបរបុគ្គលិកក្រុមហ៊ុន។សម្ភារៈបាត់បង់ កាបូបស្ពាយចំហៀង ពណ៌កាគី ចំនួន១, លិខិតឆ្លងដែនចំនួន១, ប័ណ្ណបើកបររថយន្តចំនួន១, សៀវភៅមូលប្បទានបត្រចំនួន១ក្បាល និងប្រាក់ដុល្លារចំនួន១៣៥,០០០ដុល្លារ។

ដោយឡែក ជនសង្ស័យទាំង២នាក់ ដែលបង្ក្រាបបានទី១៖ឈ្មោះ QING YUI YUN អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់លេខ៣០១ ផ្ទះជួលលេខN៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ WEI ZU DAO អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់លេខ៣០១ ផ្ទះជួលលេខN៣៧អឺ១អឺ២អឺ៣ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕