2024-04-09 05:04
16

(បាត់ដំបង) ៈដីចំការស្វាយចំនួន៨០ហិចតាត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៤និង៤៥នាទី រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីងស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដីចំនួន៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង  សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ក៏មានសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ដើម្បីចុះអន្តរាគមន៍ពន្លត់ តែពេលទៅដល់បានដើរមើលស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាននោះទេ ប៉ុន្តែសមត្ថកិច្ចក៏បានប្រើមធ្យោបាយរកត្រាក់ទ័រមកឈូសទប់ស្កាត់កុំអោយភ្លើងឆេះរាលបន្តទៅទៀតបានដោយជោកជ័យ នៅវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃដដែលនោះ៕