2023-10-06 03:10
237

(កំពត) ៖   កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំនៅក្នុងស្រុកអង្គរជ័យ  និងស្រុកបន្ទាយមាសបន្ទាប់ពីបានចុះជួបចំណេះសំណាលចំនួន ៤ ក្រុង ស្រុកកន្លងមក គឺក្រុងកំពត និងក្រិងបូកគោនិងស្រុកជុំគីរីនិងស្រុកឈូក។

អភិបាលខេត្តកំពតបានប្រាប់ទៅកាន់អាជ្ញាធរស្រុក ឃុំ អធិការស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ ត្រូវហ៊ានការពារពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើពួកគាត់គ្មានកំហុស ហើយហ៊ានរួមសុខទុក្ខទាំងអស់ជាមួយនឹងតម្រូវការរស់នៅរបស់ពួកគាត់។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេ្ត បានធ្វើការផ្តាំផ្ញើទៅកាន់អភិបាលស្រុក មេឃុំ អធិការស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវហ៊ានការពារដាច់ខាតជាមួយនឹងភាពត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ម្យ៉ាងទៀតត្រូវហ៊ានរួមសុខទុក្ខទាំងអស់ជាមួយនឹងតម្រូវការរស់នៅរបស់ពួកគាត់ទាំងសុខ និងទុក្ខ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមជាអាជ្ញាធរ សមត្ថកិច្ច ដែលជាអាណាព្យាបាល ជាអ្នកផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ យើងត្រូវមានសុភវិនិឆ័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះយើងបានដឹងច្បាស់ណាស់អំពីពលរដ្ឋក្នុងមូលដ្ឋាន ថាអ្នកណាមានចរិកយ៉ាងណានោះ។

ឯកឧត្តមបានបន្តថា ពេលខ្លះក្រដាស់មួយសន្លឹកដែលចោទប្រកាន់មកកាន់ពលរដ្ឋ គឺមិនមានភាពគុណធម៌ដល់ពលរដ្ឋនោះឡើយ ដូច្នេះក្នុងនាមជាអាជ្ញាធរ សមត្ថកិច្ចយើងត្រូវតែមានការតស៊ូ ដើម្បីភាពយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើគោរពថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ដែលកន្លងមកបានខិតខំបំពេញតួនាទីក្នុងការបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ ហើយនឹងស្នើសុំដល់ អ៊ុំ ពូ មីង ដែលជាសមាជិកក្រុមប្រឹក្សាស្រុក ឃុំ ដែលមានវ័យចំណាស់ ជាចាស់ព្រឹទ្ធាចារ្យឱ្យជួយចែករំលែកនូវបទពិសោធន៍ក្នុងការដឹកនាំមូលដ្ឋានទៅកាន់យុវជនជំនាន់ក្រោយដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុក ឃុំ ដើម្បីទៅថ្ងៃមុខបន្តគំរូនៃការដឹកនាំ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ប្អូនៗយុវជនជំនាន់ក្រោយ ក៏ត្រូវចងចាំ និងបន្តនូវវប្បធម៌ចែករំលែកដែលបានធ្វើឡើងនៅថ្ងៃនេះបន្តទៀត ព្រោះវប្បធម៌នៃការចែករំលែកនេះ គឺជាវប្បធម៌របស់ជនជាតិខ្មែរយើងដែលមានតាំងពីបរមកាលមកម្ល៉េះ។(សឹង រ៉ាត់)