2023-04-04 05:04
255

គូឡាឡាំពួរ៖ សភាជាន់ទាបរបស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញ បានអនុម័តច្បាប់ធ្វើវិសោធនកម្មថ្មី ដើម្បីលុបចោលការកាត់ទោសប្រហារជីវិតជាចាំបាច់ សម្រាប់បទល្មើសមួយចំនួន។

ចំណែកសភា​ជាន់​ខ្ពស់​ កំពុង​តែពិនិត្យមើលមាត្រាធ្វើវិសោធនកម្មថ្មីនេះ មុន​នឹង​បញ្ជូន​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឡាយព្រហស្ថឲ្យចូល​ជាធរមាន។

វិសោធនកម្ម​នឹង​អនុវត្ត​ចំពោះ​បទល្មើស​ចំនួន៣៤ប្រភេទ ដែលកន្លងមក​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ ក្នុង​នោះ​រួមមាន​បទល្មើសឃាតកម្ម និង​ការជួញដូរ​គ្រឿងញៀន​។ 

ការផ្តន្ទាទោសប្រហារជីវិតនឹងត្រូវលុបចោលសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន ដែលមិនបណ្តាលឲ្យមនុស្សស្លាប់ ដូចជាអំពើចាប់ជំរិតទារប្រាក់ និងការជួញដូរអាវុធ។

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្អាកការប្រហារជីវិត តាំងពីឆ្នាំ២០១៨ ប៉ុន្តែតុលាការបានបន្តបញ្ជូនអ្នកទោសទៅកាត់ទោសប្រហារជីវិតដដែល។

នៅក្រោមច្បាប់វិសោធនកម្មថ្មី ដែលត្រូវបានសភាអនុម័ត កាលពីថ្ងៃច័ន្ទ ការផ្តន្ទាទោសទោសប្រហារជីវិតក៏ត្រូវលុបចោលផងដែរ ដូចការវាយដំឲ្យស្លាប់តាមទំនៀមទម្លាប់សាសនា។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ម៉ាឡេស៊ី បាននិយាយថា ការប្រហារជីវិតដោយការធ្វើទណ្ឌកម្ម គឺជាការដាក់ទណ្ឌកម្ម ដែលមិនអាចឲ្យកើនមានឡើងវិញបានឡើយ ព្រោះវាមិនបានជួយកាត់បន្ថយអំពើឧក្រិដ្ឋកម្មនោះទេ។

លោកបាននិយាយដូច្នេះ «យើងមិនអាចព្រងើយកន្តើយចំពោះតម្លៃនៃសិទ្ធិរស់រានមានជីវិតរបស់បុគ្គលគ្រប់រូបនោះទេ។ ការកាត់ទោសប្រហារជីវិតមិនបាននាំមកនូវលទ្ធផល ដែលយើងចង់បានដើម្បីជួយបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋឡើយ»

សភារបស់​ប្រទេស​ម៉ាឡេស៊ី ​បាន​អនុម័ត​ច្បាប់នេះ ខណៈ​ប្រទេស​ជិត​ខាង​ក្នុងសមាគមអាស៊ីអាគ្នេយ៍​មួយ​ចំនួន​ បាន​បង្កើន​ការ​ផ្តន្ទាទោសប្រហារជីវិត។

កាលពីឆ្នាំមុន ប្រទេសសិង្ហបុរី បានកាត់ទោសប្រហារជីវិតមនុស្សចំនួន១១នាក់ពីបទល្មើសគ្រឿងញៀន ខណៈប្រទេសភូមា បានអនុវត្តការកាត់ទោសប្រហារជីវិតជាលើកដំបូង ប្រឆាំងនឹងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានហៅការបោះឆ្នោត កាលពីថ្ងៃចន្ទថា ជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ម៉ាឡេស៊ី។

លោកបានមានប្រសាសន៍ថា «នេះគឺជារបកគំហើញដ៏សំខាន់ ដែលនឹងបង្កឲ្យមានការពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ»

លោកបាននិយាយបន្តថា «ប្រទេសម៉ាឡេស៊ីគួរតែបង្ហាញភាពជាអ្នកដឹកនាំក្នុងតំបន់ ដោយការលើកទឹកចិត្តដល់រដ្ឋាភិបាលផ្សេងទៀតក្នុងសហគមន៍អាស៊ាន ឲ្យគិតឡើងវិញនូវការអនវុត្តទោសប្រហារជីវិត ដោយចាប់ផ្តើមពីប្រទេសសិង្ហបុរី»