2024-04-10 03:04
25

កំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ុំ ប៉ុម រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា «ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺក្នុងគោលបំណងពង្រឹងឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ នៅក្នុងដែនដី នៃក្រុមប្រឹក្សារាជធានី ខេត្ត»។ លោកបណ្ឌិតលើកឡើងបែបនេះ សិក្ខាសិលារបស់បេក្ខជនបណ្ឌិត ជំនាញរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ នៅសាលាខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត អ៊ុំ ប៉ុម មានប្រសាសន៍ថាៈ តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានកំណត់ដោយច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយយោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជ ក្រឹត្យ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, និង ច្បាប់ស្តីពីការ បង្កើតក្រសួងមហាផ្ទៃ តាមរយៈ សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនោះ គឺជាតួនាទី និង ភារកិច្ចមួយដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបាលផ្តល់ទៅដល់ក្រុម ប្រឹក្សារាជធានី ខេត្ត ក្នុងគោលបំណងកំណត់ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាម គោលការណ៍នៃរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ។ 

លោកបណ្ឌិតបានបញ្ជាក់ថាៈ ការផ្តល់សិទ្ធិអំណាចឱ្យក្រុមប្រឹក្សារាជធានី ខេត្ត ជានីតិបុគ្គល នៃនីតិសាធារណៈ ដែលទទួលសិទ្ធិអំណាចរបស់ខ្លួនដោយរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានដទៃទៀតដែលស្របនឹងច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពីរាជរដ្ឋាភិបាលនេះ គឺដើម្បីឱ្យក្រុមប្រឹក្សារាជធានី ខេត្ត មានភាពជាតំណាងសាធារណៈ, ស្វ័យភាពរបស់មូលដ្ឋាន, ការពិគ្រោះយោបល់ និង ការចូលរួម, ការឆ្លើយតប និង គណនេយ្យភាព, ការ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន, ការលើកស្ទួយសមធម៌, តម្លាភាព និង សុចរិត ភាព, និង វិធានការប្រឆាំងអំពើពុករលួយ និង ការរំលោភអំណាច នៅក្នុងដែនដីនៃសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កើត ជំរុញ និង ធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលមូលដ្ឋាន ឆ្លើយតបទៅនឹងគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ក្នុងនោះដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឡើងធ្វើបទបង្ហាញ ចែករំលែកស្ដីពីការផ្ដល់សេវាសាធារណៈ នៃរដ្ឋបាលមូលដ្ឋាននៃកម្ពុជា និងថ្លែងអំណរគុណក្នុងនាមបេក្ខជនបណ្ឌិតជំនាន់ទី៤ វគ្គ១ ដោយលោកបានបញ្ជាក់ថាៈ «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជបណ្ឌិតសភាដែលបានអនុញ្ញាតឲ្យខ្ញុំបាទធ្វើសិក្ខាសាលាលើប្រធានបទ “ការផ្ដល់សេវាសាធារណៈនៅរដ្ឋបាលមូលដ្ឋាន នៃកម្ពុជា”  លើកទី១ នៅសាលាខេត្តកំពង់ស្ពឺ ដើម្បីបំពេញលក្ខខណ្ឌថ្នាក់បណ្ឌិតរបស់ខ្លួន។ ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាស្ត្រាចារ្យណែនាំលោកបណ្ឌិត អ៊ុំ ប៉ុម ដែលជាគ្រូណែនាំរូបខ្ញុំបាទផ្ទាល់ និងលោក សាន សុរាវនិត ប្រធានស្ដីទី មជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារដែលបានខិតខំជួយជ្រោមជ្រែងប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យអង្គសិក្ខាសាលាប្រកបទៅដោយរលូន និង ទទួលបានលទ្ធផលល្អ»។ 

ទន្ទឹមក្នុងនេះ លោក វី សំណាង ក៏បានថ្លែងនូវការអរគុណចំពោះអង្គសិក្ខាសាលាទាំងមូល ជាពិសេស ចំពោះសំណួរទាំងឡាយដែលអាចបំផុសគំនិត និងសម្រាប់ជាធាតុចូល ដើម្បីធ្វើឲ្យនិក្ខេបបទរបស់ខ្ញុំប្រកបដោយខ្លឹមសារផងដែរ៕