2023-09-23 04:09
250

(សៀមរាប)៖ នាព្រឹកថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាថ្ងៃរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត និងបង្ហាញអាម្មណ៍រំភើបពេលបានឃើញទស្សនីយភាពនេះ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។

លោក អ៊ុច សាវន អាយុ៦៧ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អដែលជាការទាក់ទាញក្រៅពីប្រាសាទ។

ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្តសៀមរាប ក្រោកតាំងពីព្រឹកមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ មានអារម្មណ៍ថាអស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយនេះ។ លោកសប្បាយចិត្តពេលមកឃើញមានភ្ញៀវជាតិនិងអន្តរជាតិមកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលលោករំពឹងថានឹងបន្តមានភ្ញៀវមកទស្សនាកើនឡើងបន្ថែមទៀត។

ចំពោះចំនួនភ្ញៀវទេសចរសរុបដែលចូលទស្សនាព្រឹត្តិការណ៍ថ្ងៃរះ នៅថ្ងៃទី២២ និងទី២៣ ខែកញ្ញា អង្គភាពព័ត៌មាន Fresh News បានព្យាយាមទាក់ទងទៅកាន់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិនបាននោះទេ ដោយសារហៅទូរស័ព្ទចូលហើយតែមិនទទួល ហើយឆាតតាមតេឡេក្រាមក៏មិនចូលមើល។

គួរជម្រាបថា សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) និងព្រាហ្មទិវាករបណ្ឌិត ដែលជាព្រះរាជបុរោហិតរបស់ព្រះរាជា។

ការរៀបចំប្លង់ស្ថាបត្យកម្មនេះ គឺមានទំនាក់ទំនងជាមួយវិជ្ជាតារាសាស្រ្តរបស់អ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ឬព្រះបរមវិស្ណុលោកនេះ។ បុព្វបុរសខ្មែរបានរៀបចំប្លង់អង្គរវត្តតំណាងឱ្យរូបភាពបង្រួមចក្រវាទ្ប ដូចជា ការរៀបចំឱ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ខណៈភ្នំព្រះសុមេរុដែលតំណាងដោយប្រាង្គកណ្ដាលប្រាសាទអង្គវត្តនេះ គឺតែងមានព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរគោចរជុំវិញ ដូច្នេះហើយទើបបង្កើតឱ្យមានថ្ងៃរះឡើងចំកំពូលកណ្ដាល២ដងក្នុងមួយឆ្នាំបែបនេះ ពោលគឺស្របទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ៕