2024-02-09 09:02
73

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឲ្យអនុវត្ត សាកល្បង កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា អភិបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និងធនាគារដៃគូជាច្រើនរូបផងដែរ ។

នៅក្នុងឪកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឲ្យអនុវត្តសាកល្បងកម្មវិធី ព័ត៌មានវិទ្យាសម្រាប់ ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងការធ្វើកំណែទម្រង់     វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល តាម   រយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពនិងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវា រដ្ឋបាលឲ្យបានកាន់តែឆាប់រហ័ស មានតម្លាភាព និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់ផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការបន្តជំរុញកិច្ចដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យមានការវិវត្តទៅមុខ ដោយផ្តោតជាសំខាន់លើការជំរុញការអនុវត្តមុខងារ និងធនធាន ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥នេះ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុងបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល។ ការរៀបចំប្រព័ន្ធទូទាត់វិក្កយបត្រ និងអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលយើងកំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាការចូលរួមចំណែកជាជំហានៗក្នុងការអនុវត្តបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះថ្មីមួយនៅក្នុងបញ្ចកោណទី៥របស់រាជរដ្ឋាភិបាល ដែលផ្ដោតជាសំខាន់លើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕