2024-02-12 03:02
79

ប៉ោយប៉ែត៖ សំបកគ្រាប់កាំភ្លើងខ្លីជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងការដ្ឋានសាងសង់អគារមួយកន្លែងនៅចំងាយប្រមាណជាង ១០០ម៉ែត្រ ពីសាលាសង្កាត់ក្រុងអូរជ្រៅ ដោយជនឆ្លៀតឱកាសធ្វើសកម្មភាពបាញ់បោះសេរីបន្លំនឹងសម្លេងដុតផាវ ប៉ុន្តែមិនរំខានដល់សមត្ថកិច្ចឡើយ។

 តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លទៅថ្មីៗនេះ ក្នុងពេលចូលឆ្នាំចិន-វៀតណាម មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើបាញ់បោះសេរីយ៉ាងអនាធិបតេយ្យ បន្ទាប់មានការផឹកស៊ីស្រវឹងរួចគេចខ្លួនបាត់អស់។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ករណីប្រទះសំបកគ្រាប់កាំភ្លើងដែលក្រុមអនាធិបតេយ្យបាញ់បោះសេរីនេះ នៅត្រង់ចំណុចការដ្ឋានសាងសង់អគារជាកន្លែងស្ងាត់ ចំងាយប្រមាណជាង ១០០ម៉ែត្រពីសាលាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរើសសំបកគ្រាប់ដាក់ថង់ប្រាប់អ្នកកាសែត និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ដើម្បីចុះស្រាវជ្រាវករណីខាងលើនេះ។

 សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់សមត្ថកិច្ចចុះហាមពលរដ្ឋហាមឃាត់ការលក់-ដូរ និងមិនអនុញ្ញាតិឲ្យដុតគ្រឿងផ្ទុះដូចជាផាវជាដើម ដើម្បីការពារសុវត្តិភាពជូនពលរដ្ឋខ្លាចមានជនឈ្លាតឱកាស់យកពេលពេលវេលាខាងលើប្លន់យកទ្រព្យសម្បត្តិពលរដ្ឋដោយប្រការណាមួយ ប៉ុន្តែបំរាមនេះហាក់គ្មានប្រសិទ្ធភាពនៅតែមានការដុតផាវពាសពេញក្រុងនាឱកាសចូលឆ្នាំចិន-វៀតណាម ទើបមានជនឆ្លៀតឱកាសបាញ់បោះសេរីមិនរំខានដល់សមត្ថកិច្ចបែបនេះ ដោយបន្លំជាមួយសម្លេងដុតផាវតែម្តង៕