2024-03-28 03:03
39

(កំពត)  ៖   នាថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំទៅដល់មន្ទីរ-អង្គភាព ស្ថានប័នរដ្ឋ និងឯកជនជុំវិញខេត្ត រៀបចំសម្អាតអនាម័យបរិស្ថាន តុបតែងលម្អភ្លើងពណ៌ឲ្យបានស្អាត ដើម្បីអបអរសាទរ ស្វាគមន៍ឆ្នាំថ្មី ខណៈដែលអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់រឹតបន្តឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលបានរៀបចំឡើងនៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ខេត្តកំពតគឺជាខេត្តគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ ដែលទទួលបានការគាំទ្រ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយរាល់ពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផ្សេងៗ ការសម្រួលចរាចរណ៍មិនកកស្ទះ  ពិសេសការតុបតែងលម្អភ្លើងពណ៌តាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុង ធ្វើឲ្យខេត្តទទួលបានភ្ញៀវទេចរមកសម្រាកកម្សាន្តច្រើន។ 

ដូចគ្នានេះដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាពេលខាងមុខ ដើម្បីឱ្យរក្សាបាននូវកំណើនភ្ញៀវទេសចរ ឯកឧត្ដមអភិបាលខេត្តបានណែនាដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុបតែងលម្អសោភ័ណភាពនៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត មានដូចជាការសម្អាតអនាម័យបរិស្ថាន ការទុកដាក់សំរាម ការបំពាក់ភ្លើងលម្អបន្លែម ដើម្បីឲ្យក្រុងស្រុកទាំងអស់ក្នុងខេត្ត មានភាពទាកទាញភ្ញៀវទេសចរមកលេងកម្សាន្ត។

ជាងនេះទៅទៀត ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំអោយអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់ រឹតបន្តឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈឲ្យបានល្អ ហើយអាជ្ញាធរក្រុងស្រុក ត្រូវចេះកែច្នៃតំបន់សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួនបម្រើឲ្យវិស័យទេសចរណ៍។

ដោយឡែកក្រុងកំពត ដែលជាបេះដូងរបស់ខេត្ត អាជ្ញាធរខេត្តបាននិងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ព្រែក(ត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខសាលាខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី និងឆ្នេរខ្សាច់ចំណតទូកទេសចរណ៍ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ការបំបាក់ភ្លើងព័ណ៍តាមដើមឈើ ស្ពាន និងតាមខឿនមាត់ព្រែក សួនច្បារ និងរមណីយដ្ឋានស្រះឈូកជាដើមត្រៀមទទួលភ្ញៀវទេសចរណ៍។(សឹង រ៉ាត់)