2023-10-09 03:10
256

សៀមរាប៖ ឃាតករ ០២នាក់ប្តីប្រពន្ធ បានរួមគំនិតគ្នាកាប់ និងអា.កសម្លាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ដោយសាររឿងទំនាស់គ្នាក្នុងវង់ផឹកស៊ី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះ មានឈ្មោះ ហូល ហៃ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន នៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងប្រពន្ធឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិបេង-ឃុំជាមួយគ្នា។
ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើឃាតកម្ម នៅចំណុចខាងលិចភោជនីយដ្ឋាន អាប៉ូឡូផ្លាហ្សា ប្រហែល ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ 

មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យនាំគ្នាផឹកស៊ីជុំគ្នារហូតដល់ស្រវឹងកើតមានជម្លោះពាក្យសម្តីនឹងគ្នា ទើបឃាតក ០២នាក់ប្តីប្រពន្ធជិះម៉ូតូចេញពីវង់ផឹកស៊ីទៅយកកាំបិតខ្វែវដងវែងត្រឡប់វិញ ធ្វើសកម្មភាពកាប់ និងអា.កសម្លាប់ជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើសទាំង ០២នាក់រួមទាំងវត្ថុតាងតែម្តង។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ សារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មកាប់ និងអា.កសម្លាប់លើជនរងគ្រោះពិតប្រាកដមែន។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូរបស់ជនសង្ស័យ ០១គ្រឿង កាំបិតខ្វែវ ០១ដើម ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕