2024-02-11 01:02
69

កីឡាករជើងខ្លាំង ម្ចាស់មេដាយមាសស៊ីហ្គេម ២ ជំនាន់ជាប់ៗគ្នារបស់កម្ពុជា បឺត សង្ឃឹម បានធ្វើដំណើរចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ទឹកដីប្រទេសអូស្រ្តាលីជាមួយលោកគ្រូ សេន ប៊ុនថេន កាលពីថ្ងៃទី៧ ខែកុម្ភៈ ដើម្បីត្រៀមខ្លួនប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ជាមួយជើងខ្លាំងរបស់ថៃ យូធិនហ្វាគ្រុប  (Yothin FA Group )នៅទីនោះ។
   តាមគម្រោង បឺត សង្ឃឹម និងកីឡាករ យូធីន (Yothin) នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ WBC ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម របស់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃ International Federation Muaythai Associstions (IFMA) នាថ្ងៃទី១៧ ខែកុម្ភៈនេះ។
បើទោះបីជា បឺត សង្ឃឹម ធ្លាប់មានបទពិសោធន៍ប្រកួតអន្តរជាតិច្រើន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែនេះជាលើកដំបូង រូបគេទទួលបានឱកាស  ធ្វើដំណើរទៅកាន់ទឹកដីអូស្រ្តាលី ប្រកួតដណ្តើមខ្សែក្រវាត់ WBC តំណាងឱ្យកម្ពុជា ជាមួយនឹង រំពឹង ថានឹងអាចស្ពាយខ្សែក្រវាត់នេះត្រឡប់មកស្រុកកំណើតវិញ។
  បឺត សង្ឃឹម បាននិយាយថា៖ «នេះជាលើកទី១ ដែលខ្ញុំត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅប្រកួតនៅស្រុកគេ ហើយចំរដូវត្រជាក់ទៀត។ តែទោះបីជាយ៉ាងណា ខ្ញុំត្រៀមខ្លួនបានពេញលេញហើយ ហើយការចេញទៅមុនប្រកួតចូល១០ថ្ងៃនេះ គឺដើម្បីយើងអាចសម្របខ្លួនជាមួយបរិយាកាសនៅលើទឹកដីអូស្រ្តាលី»។
បឺត សង្ឃឹម បានបន្ថែមថា៖ «ខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ក្នុងថ្ងៃប្រកួត។ បើសិនសំណាងយើងមកដល់ ហើយការប្រឹងប្រែងរបស់យើងទទួលបានលទ្ធផលល្អ គឺខ្ញុំនឹងស្ពាយខ្សែក្រវាត់ WBC នេះ                ត្រឡប់មកកម្ពុជាវិញ»៕