2023-07-17 05:07
164

 

(ព្រះវិហារ)៖ សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១,២២៩នាក់ ដែលមកពីគណបក្សភ្លើងទៀន និងបក្សនយោបាយ៣ទៀត នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការជា «សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ។


   ពិធីនេះមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សស្រុក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសមាជិក សមាជិកា ជាច្រើនរូបទៀត។
   នៅក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពីសំណាក់សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្ញើជូនដល់សមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាស្រុករៀង។
   ឯកឧត្តម មាស សុភា បានមានប្រសាសន៍ថា ថ្ងៃនេះបងប្អូនបានក្លាយជាសមាជិកពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនចេញពីស្រទាប់យុវជនជាសិស្សានុសិស្សរបស់យើងនៅមូលដ្ឋាន ដែលមានអាយុគ្រប់អនុវត្តនូវសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋ ក៏ដូចជាការផ្តាច់ខ្លួនពីសមាជិក សមាជិកា អតីតគណបក្សភ្លើងទៀន និងគណបក្សនយោបាយមួយចំនួនទៀត។
   លោកបានបន្តថា ការសម្រេចចិត្តចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ឆ្លាតវៃ ដ៏ត្រឹមត្រូវ របស់សមាជិក សមាជិការបស់យើង ពីព្រោះក្នុងរបបសេរីពហុបក្ស ម្នាក់ៗជៀសមិនផុតទេពីការបញ្ចេញមតិក្នុងនាមជាពលរដ្ឋ បើទោះបីយើងមិនចូលគណបក្សណាក៏ដោយចុះ នៅពេលបោះឆ្នោតគេឱ្យយើងជ្រៀសរើសគណបក្សមួយដែលយើងត្រូវបោះ។
   ឯកឧត្តម មាស សុភា បានប្រាប់សមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាស្រុករវៀង ពីការអភិវឌ្ឍរបស់ប្រទេសជាតិដែលឈានបានការកសាងនូវសមិទ្ធផលនានា នៅក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា លោកចោទជាសំណួរថា បើគ្មានគណបក្សប្រជាជនកម្ពុជា បើគ្មានសម្តេចតេជោ ហ៊ុន សែន សមិទ្ធផលទាំងអស់នេះ មិនអាចកើតមានបានទេ។
   លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសមាជិក សមាជិកាថ្មី ដែលបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធនៅពេលនេះ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឱ្យនៅគង់វង្ស ដោយមិនត្រូវជឿតាម ការញុះញុងណាមួយ ដើម្បីបំផ្លាញសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះទេ ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងត្រូវគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នាពេលអនាគត៕