2024-02-11 03:02
66

(កំពត)កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពតបានលើកឡើងថានាចប្ចុប្បន្ននេះក្រុងកំពតមានសោភ័ណភាពស្អាត និងទាក់ទាញទេសចរណជាតិ និងអន្តរជាតិជាងមុន  ប៉ុន្តែបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណភាព ពង្រីកសួនច្បារអប់សងខាងដងព្រែកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យក្រុងកំពតផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតទាក់ទាញបំផុត ខណៈដែលក្រុងនេះទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរនោះ។
   នៅក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែកត្រង់ចំណុចទីលានកីឡាលើទឹក ក្បែររូបសំណាកសត្វផ្សោត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពតបាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តពីរកន្លែង (ទី១ ឆ្នេរខ្សាច់ ចន្លោះស្ពានចាស់ និងស្ពាន់ថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពាន់ថ្មី និងស្ពានរថភ្លើង) ការរៀបចំក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពុងបាយ ការបង្កើតវេរ៉ងដាបំពាក់រូបសេះសមុទ្របាញ់ទឹក នៅខាងមុខសាលាខេត្តចាស់  ការកែសម្រួលទីស្ថានកីឡាលើទឹកមកជាសួនច្បារ(វាយកំទេចបង្គន់អនាម័យអាស៊ាន) ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ  គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

   ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តឱ្យដឹងទៀតថា សម្រាប់ដំណើរចុះពិនិត្យនាពេលនេះវិញ រដ្ឋបាលខេត្តនឹងដាក់ឲ្យអនុវត្តគម្រោងកែលម្អសោភ័ណភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ)ឲ្យកាន់តែធំលាយ ដើម្បីឲ្យមាត់ព្រែកមានរាងរៅស្អាត ហើយឆ្នេរខាងលិចព្រែកទុលមុខគ្នាហ្នឹង ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឲ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ ពេលធ្វើរួចត្រូវបំពាក់ភ្លើង និងមានចង់ទង់ជ្វាលាផងដែរ។ 
   ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ឥឡូវសួនមាត់ព្រែកក្នុងក្រុងកំពតស្អាត ប៉ុន្តែនៅពេលដែលគម្រោងរៀបរាប់ខាងលើធ្វើចប់ ក្រុងកំពតនឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសម ជាក្រុងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលរដ្ឋបានខេត្តនឹងធ្វើពិធីដង្ហែនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។ 
   នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តសូមចូលរួមសហការ ផ្តល់មតិយោបល់ និងឯកភាពសម្រេចលើគម្រោងនីមួយរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងរក្សា និងបង្កើតផលប្រយោជន៍រួម។ 
  ក្រៅពីនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។(សឹង រ៉ាត់)