2023-12-17 05:12
91

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងដែលកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឱ្យដួល ហើយត្រូវបានរថយន្តដឹកត្រីកិនពីក្រោយយ៉ាងកម្រោល។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
   គ្រោះឈ្មោះ នេន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KB-5700 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាកដែលធ្វើដំណើរពីមុខម៉ូតូ កំពុងបត់ត្រឡប់ក្រោយ ហើយម៉ូតូជនគ្រោះក៏បានជ្រុលល្បឿនទៅទាក់ដៃចង្កូតជាមួយគូទរថយន្តដែលបានបត់ត្រឡប់ក្រោយនោះ បណ្ដាលឱ្យដួលត្រូវបានរថយន្តដឹកត្រី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-6575 ដែលធ្វើដំណើរពីក្រោយម៉ូតូ បុកកិនជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក តៃកុងរថយន្តដឹកត្រីបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
   ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក ចុះមកដល់ទីតាំងកើតហេតុធ្វើការវាស់វែង និងធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕