2024-02-04 02:02
67

ភ្នំពេញ៖ ស្រីស្អាតអ្នកជំនួញអនឡាញដែលមានឈ្មោះ អេន ចរិយា ហៅអ្នកគ្រូ លី ជាម្ចាស់គណនីហ្វេសប៊ុក «កំពូល ម៉ូត» ដែលធ្វើសកម្មភាពបង្ហាញនូចកាយវិការ ការសម្តែងនាំឲ្យប៉ះពាល់ដល់ក្បួនខ្នាត ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ជាតិ ពិសេស បានប្រើប្រាស់ព្រះកិត្តិនាម «ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ» ក្រោយការព្រមាពីសំណាក់មន្ត្រីជំនាញក្រសួងធម្មការ និងសាសនា ព្រមទាំង   សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញមុខសុំទោសជាសាធារណៈ និងយល់ព្រមលប់វីដេអូរទាំងចាស់ និងថ្មីចោលទាំងអស់។
   អ្នកគ្រូ លី ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កំពូល ម៉ូត» បានទទួលកំហុសរបស់ខ្លួនដែលបានថតសកម្មភាពផ្សេងៗបង្ហោះលើបណ្តាញសង្គមនាពេលកន្លងមកធ្វើឲ្យប៉ះពាល់វប្បធម៌ សាសនា ប្រពៃណី ជាពិសេស ប្រើប្រាស់កិត្តិនាម «ព្រះនាងឥន្រ្ទទេវី» ដែលនាំឲ្យប្រតិកម្ម និងរិះប្រជាពលរដ្ឋខ្លូនគ្មានចេតនាយកសាសនា វប្បធម៌ ប្រពៃណី ជាខែល ឬជាលេសដើម្បីប្រយោជន៍នៃការធ្វើអាជីវកម្ម ឬ ធ្វើឲ្យខូចតម្លៃវប្បធម៌សង្គមជាតិនោះទេ។  
    ស្រីស្អាតកូនប្រាំ អេន ចរិយា បានបញ្ជាក់ថា៖ ម្សិលមិញ ខ្លូនចូលទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិជ្ជា និងបានស្តាប់ការពន្យល់ អប់រំណែនាំ ពីសំណាក់មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីនៃអគ្គស្នងការនគរបាលជាតិ ក៏បានយល់ និងសោកស្តាយចំពោះកំហុសដែលបានប្រព្រឹត្តដោយអចេតនាកន្លងមក និងទទួលស្គាល់នូវកំហុសដែលនាងខ្ញុំបានប្រព្រឹត្តកន្លងមក និងសូមសន្យាថា៖
១- បញ្ឈប់នូវរាល់សកម្មភាព និងការប្រើប្រាស់ព្រះកិត្តិនាម «ព្រះនាងឥន្រ្ទទេវី» ព្រះវីរៈក្សត្រីនាសម័យអង្គរ ព្រះបាទជ័យវរ័្មនទី៧ ឬអតីតព្រះនាមព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គជាសាធារណៈដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម ចាប់ពីពេលនេះតទៅ។
២- យល់ព្រមលុបចោលនូវរាល់ការបង្ហោះនានាកន្លងមក នៅក្នុងគណនីហ្វេសប៊ុក «កំពូល ម៉ូត» ឬគណនីហ្វេសប៊ុករបស់ខ្លូនផ្សេងៗទៀត ដែលប៉ះពាល់ដល់ព្រះកិត្តិនាម «ព្រះនាងឥន្រ្ទទេវី» ព្រះវីរៈក្សត្រីនាសម័យអង្គរ ព្រមទាំងការផ្សាយព័ត៌មានមិនពិតនានា
៣- បញ្ឈប់ការប្រើប្រាស់សម្លៀកបំពាក់របាំក្បាច់បុរាណខ្មែរ ដើម្បីធ្វើពិធីសាសនានានា ឬការបង្ហាញក្បាច់របាំដោយគ្មានមូលដ្ឋានបន្តទៀត។
ជាចុងក្រោយ ស្ត្រីឈ្មោះ អេន ចរិយា ហៅអ្នកគ្រូ លី បានសុំអភ័យទោស និងសុំការលើកលែងទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសពី សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសឆ្គងកន្លងមក និងបានស្នើសុំម្ចាស់ផេកហ្វេសប៊ុកនានា បានចែករំលែកបន្តនូវ វីដេអូ និងខ្លឹមសាររូបភាពដែលបានបង្ហោះទាំងនោះ មេត្តាលុបចោលចេញពីបណ្តាញសង្គមផងដែរ៕