2024-01-13 08:01
68

ភ្នំពេញ៖ នារសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា « ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត ម៉ាក LEXUS RX350 ពាក់ស្លាកលេខនគរបាល បុកជាមួយរថយន្ត Toyota Camry កាលវេលាម៉ោង ២១និង៤០នាទី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុច បុរី ហាយធិច ចំប៉ាក្បាលកោះ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ អ្នកបើកបរមានឈ្មោះ ម៉ាន រ៉ាវី ជានាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋ ដែលបានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរថា «ករណីបុរសឈ្មោះ ពិសិដ្ឋ រតនា បានចូលខ្លួនបំភ្លឺ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកន្លែងកើតហេតុ សាក្សីជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងតាមរយៈកាម៉េរ៉ាសុវត្ថិភាព និងតាមបញ្ជាក់របស់សាម៉ីខ្លួនបុរសនេះ គាត់ជាអ្នករួមដំណើរ។ ចំណែកអ្នកបើកបរ រថយន្ត ម៉ាក LEXUS RX350 មានឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ នគរបាល មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាន ស្លាប់នៅកន្លែងកើតហេតុ»។

អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ទៀតថា «ករណីនេះសមត្ថកិច្ចជំនាញផ្នែកចរាចតណ៍កំពុងតែអនុវត្តនីតិវីធីផងដែរ»។
សូមជម្រាបថា កាលវេលាម៉ោង ២១និង៤០នាទី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុច បុរី ហាយធិចចំប៉ាក្បាលកោះ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ាក Lexus 350 ពណ៌ស ពាក់ស្លាកលេខ ណករបាល 2-0393 បុកជាមួយនឹងរថយន្ត ម៉ាក Toyota Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 ដែលបណ្តាលឱ្យរថយន្តទាំង ០២គ្រឿង រងការខូចខាតធ្ងន់ធ្ងរ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍ខាងលើ ភាគីរថយន្ត ម៉ាក Lexus មានអ្នកជិះក្នុងរថយន្ត ចំនួន ០៥នាក់ មានប្រុស ០៣នាក់ និងងស្រី ០២នាក់ បណ្តាលឱ្យស្លាប់ ០២នាក់ភ្លាមៗ ស្រី ០២នាក់ របួសធ្ងន់ និងស្រាល ចំនួន ១នាក់ប្រុស។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ហេង  ស៊ីថារ៉ូ ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាមន្រ្តីនគរបាល មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និង ទី២ - ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុជាង ២០ឆ្នាំ មានតួនាទីជានាយរងនគរបាលប៉ុស្ថិ៍រដ្ឋបាលដីឥដ្ឋ៕