2023-08-01 10:08
118

 

    ភ្នំពេញ ៖ ស្ត្រីជាជនជាតិចិនម្នាក់ រួមដំណើរជាមួយប្ដីនិងកូនបើករថយន្តស៊េរីទំនើបម៉ាកJeep បត់ចូលខុនដូ ផារ៉ាម៉ោន មិនប្រយ័ត្នក៏បុកជាមួយម៉ូតូQBIX ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួស ហើយចាប់បោកទូរស័ព្ទអ្នកសារព័ត៌មានខូចខាតអស់ពីរគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៣៧១ (សឡា) ចំណុចមុខច្រកចូល ខុនដូ ផារ៉ាម៉ោន ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្រី្តជនជាតិចិនម្នាក់រួមដំណើរជាមួយប្ដីនិងកូនតូចម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកJeep ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BR-1138ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលខុនដូ ផារ៉ាម៉ោន ក៏ជ្រុលទៅបុកជាមួយម៉ូតូQBIX ពណ៌ទឹកប្រាក់លាយលឿងពាក់ស្លាកលេខភ្នំពេញ1HB-1953ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ពេញទំហឹងបណ្ដាលឲ្យបោកទៅនឹងថ្នល់ រងរបួសបុរសម្នាក់យ៉ាងដំណំនិងខូចខាតម៉ូតូស្ទើរទាំងស្រុង ភ្លាមនោះមានអ្នកសារព័ត៌មាន បានមកដល់កន្លែងហេតុក៏យកទូរស័ព្ទមកថតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្រាប់តែស្ត្រីជនជាតិចិនជើងខ្លាំងនោះបានចាប់ទូរស័ព្ទអ្នកសារព័ត៌មានបោកបណ្ដាលឲ្យរងការខូចខាតពីរគ្រឿងហើយក៏មានការផ្អើលឆោលឡោនៅកន្លែងកើតហេតុតែម្ដង។
   ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តបង្ក បានចេញមុខមកធ្វើការដោះស្រាយគ្នាអស់រយៈពេល ជិត៣ ម៉ោង ទើបខាងភាគីរថយន្តបង្កបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន៨០០ ដុល្លារ និងសំណងខូចខាតទូរស័ព្ទពីរគ្រឿងចំនួន ៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕