2023-04-27 10:04
283


កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌចំនួន០២នាក់ បានឈក្រៀកអបសងខាង លោក គឹម បញ្ញា អតីតអភិបាលរងក្រុងបូកគោ ដោយខ្នោះដៃមកមុខ ពេញបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។


តាមរយៈរូបថតមួយសន្លឹក ត្រូវបានបង្ហោះ និងចែកចាយក្នុងគណនីហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តកំពត លោក គឹម បញ្ជា ជាអតីតអភិបាលក្រុងបូលគោ វ័យក្មេងដែលរងការចោទប្រកាន់ពីសំណាក់ស្ត្រីជាភរិយាថាបានជេរ ប្រមាថ ប្រើអំពើហិង្សា វាយដំច្រំធាក់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅ ស្ថិតកក្នុងដៃជាប់ខ្នោះទៅមុខ ក្នុងទឹកមុខដ៏ស្រងូតស្រងាត់បង្កប់ដោយភាពអាមាស់ និងសោកសៅនូវអ្វីដែលធ្វើកន្លងហួសខុសឆ្គងលើក្រុមគ្រួសារ ពេលដែលសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបញ្ជូនទៅកាន់តុលាការ ប៉ុន្តែអ្វីមិនអាចត្រឡប់ក្រោយឡើយ គឺហួសពេលអស់ទីហើយ។
សូមរំលឹកថា លោក គឹម បញ្ញា អតីតអភិបាលរងក្រុងបូកគោម្នាក់ ត្រូវបានស្នងការនគរបាលកោះហៅមកឲ្យចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធករណីជេរ ប្រមាថ ប្រើប្រាស់អំពើហិង្សាទៅលើភរិយា និងកូនរបស់ខ្លួនជាច្រើនលើក។ លោក គឹម បញ្ញា បានស្ម័គ្រចិត្តចូលខ្លួនទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលក្រុងកំពត ពាក់ព័ន្ធទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមកទៅលើប្រពន្ធ។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ គណនី Facebook មួយឈ្មោះ «Ah Leak» បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាងតទៅទៀត បានរៀបរាប់សរសេររៀបរាបថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត»។ 


ស្ត្រីឈ្មោះ ម៉ាត់ លក្ខិណា បានសរសរទៀតថា «គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូតរហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផងសូមបងប្អូនជួយគិតមើលថា តើទង្វើអភិបាលរងក្រុងបូកគោបានប្រើអំពើហិង្សាបែបនេះតើវាសំនឹងជាអ្នកដឹកនាំដែរឬទេ?»។

ក្រោយពីស្ត្រីឈ្មោះ ម៉ាត់ លក្ខុណា ភរិយាលោកអភិបាលរងក្រុងបូកគោ បង្ហោះសារលើបណ្តាញសង្គមមិនបានប៉ុន្មាននាទីផង ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការកោះហៅលោក គឹម បញ្ញា ភ្លាមៗថា «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូលគោ មកបំភ្លឺករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬឱ្យសមត្ថកិច្ចអញ្ជើញលោកដោយផ្ទាល់»។ ស្នងការនគរបាលខេត្តកំពត បានសរសេរទៀតថា «អរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហិង្សាលើភរិយា»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាលប្រហ្មទណ្ឌបានបំពាក់ខ្នោះដៃ លោក គឹម បញ្ញា អតីតអភិបាលក្រុងបូលគោ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕